ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិននឹងបន្តជួយលើវិស័យនានាដែលជាសេចក្ដីត្រូវការរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្ដម Song  Tao រដ្ឋមន្ត្រី​ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណបក្សកុម្មុយនីស្តចិនថ្លែ​ងថា ប្រទេសចិននឹងបន្តជួយលើវិស័យនានាដែលជាសេចក្ដីត្រូវការរបស់កម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយក​ព័ត៌​មា​ន​បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុ​ជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Song  Tao រដ្ឋមន្ត្រី​ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណ​បក្ស​​កុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅ​វិមា​ន​​សន្តិភាព។

ឯកឧត្ដម Song  Tao ​បានជម្រាបជូនសម្ដេចតេជោថា ទស្សនកិច្ចរបស់ឯកឧត្ដម​មក​កាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺនាំសាររបស់ឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្ដែងនូវការអបអរសាទរដោយផ្ទាល់ចំពោះ​ជោ​គ​​ជ័យ​ដែល​ទទួលបាន អំពីការបោះឆ្នោតនាពេលកន្លងមក និងសូមសម្ដែងនូវការគាំទ្រចំពោះ​គណ​បក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ដែលនឹងដឹកនាំកម្ពុជាដើម្បីឆ្ពោះ​ទៅកាន់​ការ​អ​ភិវឌ្ឍ លើកស្ទួយជីវភាពប្រជាជន រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការរក្សាសុខ​សន្តិ​ភាព ស្ថិរភាពនៅក្នុងតំបន់ផងដែរ។

ឯកឧត្ដមបានបន្តថា កម្ពុជា គឺជាមិត្តចាស់ មិត្តល្អ និង​មាន​កិច្ចសហប្រតិបត្តិការ យ៉ាងល្អជាទីបំផុតជាមួយចិន កន្លងមកទោះបីជាមានអ្វីកើតឡើង​ក៏​ដោ​យ ក៏ទំនាក់ទំនងនេះ នូវតែបន្តយ៉ាងរឹងមាំដោយគ្មានការផ្លាស់ប្ដូរឡើយ។ ជាមួយនឹងភាព​ជា​ដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយបន្ថែមទៀតនោះ បានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិន ក៏មា​នការកើនឡើង យ៉ាងឆាប់រហ័សផងដែរ ដែលក្នុងនោះមានកិច្ចព្រមព្រៀងយ៉ាងច្រើន​បា​ន​ចុះ​ហត្ថលេខា ហើយកិច្ចព្រមព្រៀងទាំងនោះក៏បានគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ ទាំងអស់។ ជាងនេះទៀត ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណា​ច​ក្រ​កម្ពុជានាពេលនេះផងដែរ គឺដើម្បីជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀងទាំងឡាយ​ណា​ដែ​ល​​បានចុះហត្ថលេខារួចហើយ រវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្ដមប្រធានាធិបតី ស៊ី ឱ្យបានសម្រេចជាស្ថាពរ។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ចិននឹងបន្តជួយ​ដ​ល់​​កម្ពុជា នៅលើអ្វីៗដែលជាសេចក្ដីត្រូវការរបស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបំពាក់គ្រឿងឥស្សរយ​យសព្រះរាជា ណាច​ក្រ​​កម្ពុជា ថ្នាក់មហាសិរីវឌ្ឍជូលដល់ឯកឧត្ដម Song  Tao និងបានថ្លែងអំណរគុណ ចំពោះសារ​អប​អរសាទរ​របស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង ហើយក៏បានធ្វើបទឧទ្ទេស នាម​ជូន​ឯក​ឧត្ដ​ម Song  Tao នូវកំណែទម្រង់នៅកម្ពុជា ដំណើរការបោះឆ្នោត ក៏ដូចជាប្រវត្តិ នៃលទ្ធផល​ការ​​បោះឆ្នោតនៅកម្ពុជា និងនៅប្រទេសជិតខាង ព្រមទាំងអំពីស្ថានភាព ទូទៅផងដែរ។

សម្ដេ​ច​តេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន និងប្រជាជនចិន ដែលកន្លង​មក​តែង​តែជួយដល់កម្ពុជា និងផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អដល់កម្ពុជា៕

ដោយ ជឹម ណារី