ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាសម្រេចរៀបចំគម្រោងអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិចនៅកំពង់ផែ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំគម្រោងអនុវត្តប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យតាម​ប្រព័ន្ធ​អេឡិច​ត្រូនិចនៅកំពង់ផែ ខណៈការគ្រប់គ្រងព័ត៌មាននៃទំនិញចេញចូលតាមច្រកមួយនេះនាពេល បច្ចុប្បន្ន ត្រូវការចំណាយពេលវេលាយូរ និងរាំងស្ទះដល់ការបញ្ចេញទំនិញ។


ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញការរបស់ទីភ្នាក់ងារសហប្រតិបត្តិកា​រអន្តរ​ជាតិជប៉ុន (JICA) នៅថ្ងៃទី៣០ ខែសីហានេះ បានចុះហត្ថលេខាលើសេចក្តីព្រាងរបាយ​ការណ៍​នៃគម្រោងសិក្សារៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិចនៅកំពង់ផែ ហៅកាត់​ជាភាសាអង់គ្លេសថាEDI (Electronic Data Interchange) ក្រោយពីទទួលគម្រោង​គាំទ្រពី​JICA​។
ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​​សិក្សារៀបចំប្រព័ន្ធកំពង់ផែEDIនេះ គឺដើម្បីកាត់បន្ថយការចំណាយ​ពេលវេលា​របស់ក​ប៉ាល់​ក្នុងការចេញចូលកំពង់ផែ ព្រមទាំងលុបបំបាត់ការចំណាយក្រៅផ្លូវការ តាមរយៈកុំឱ្យ​មាន​ការជួបគ្នារវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា។ ឯកឧត្តម មានប្រសាសន៍ថា «គម្រោង​ធ្វើទំ​នើប​​​កម្មកំពង់ផែកម្ពុជានេះ គឺស្របតាមកំពង់ផែនៅលើសាកលលោក ដែលអាចទាក់ទាញឱ្យ​ក​ប៉ាល់នានាចេញចូលបានច្រើនជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិបានឆាប់រហ័ស»។
កាល​ពីថ្ងៃទី២៧ ខែសីហាកន្លងទៅនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដមន្ត្រីក្រសួង​សា​​​​ធារ​ណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយក្រុមការងារ​បេសកកម្មរបស់អង្គ​ការ​JICA ដើម្បីពិនិត្យអំពីវឌ្ឍនភាព និងផែនការសម្រាប់គម្រោង «ស្ទង់មតិលើប្លង់រចនា​គោល​ទាក់ទងនឹងកិច្ចព្រមព្រៀងជំនួយឥតសំណងសម្រាប់ប្រព័ន្ធកំពង់ផែEDI» គាំទ្រ​ដោយអង្គការ​JICA ក្នុងមានតម្លៃ១៤លានដុល្លារអាមេរិក ដែលនឹងដាក់ឱ្យដំណើរការនៅខែមេសា ឆ្នាំ២០២១។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបេសកកម្មរបស់អង្គការJICA សហ​ការជាមួយក្រសួង កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នាក់ងារនា​វាចរ​កម្ពុជា(កាំសាប) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដើម្បីសម្រេចការ​ងារ​ស្តី​ពីគម្រោងធ្វើទំនើបកម្មកំពង់ផែនៅកម្ពុជានេះ៕