ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងការងារ អះអាងថា កំពុងខិតខំពង្រឹងភាពសុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ក្រសួងការងារ អះអាងថា បាននឹងកំពុងបន្តយកចិត្តទុកដាក់ខិតខំពង្រឹងភាពសុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ខណៈវិវាទការងាររវាងកម្មករ និងថៅកែនៅតាមរោងចក្រសហគ្រាសនៅតែបន្តកើតមាននៅឡើយ។

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កិច្ចខិតខំពង្រឹងរក្សាទំនាក់ទំនងវិជ្ជាជីវៈឱ្យមានភាពកាន់តែប្រសើរឡើងនេះ គឺធ្វើឡើងតាមរយៈការពង្រឹងតួនាទីគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា និងការពង្រឹងយន្តការដោះស្រាយវិវាទការងារទាំងវិវាទបុគ្គល និងវិវាទការងាររួម ចាប់តាំងពីពេលកើតមានវិវាទរហូតមកដល់ការជម្រះក្តីដោយតុលាការមានសមត្ថកិច្ច។

អំណះអំណាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារនេះ ធ្វើឡើងខណៈក្រុមសហជីពដែលការងារផលប្រយោជន៍របស់កម្ពុជា និងថែកែរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានលើកឡើងពីការព្រួយបារម្ភនៃវិវាទការងារកើតឡើង ក្រោយពីសហគមន៍អឺរ៉ុបបិទភាពអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាស្តីពីសុវត្ថិភាពការងារ និងការកសាងទំនាក់ទំនងវិជ្ជាជីវៈ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែសីហានេះ ឯកឧត្តម ម៉ម វណ្ណៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតស្ថាប័នត្រីភាគីជាច្រើនដែលមានការចូលរួមពីតំណាងកម្មករ និយោជិត សហជីព ភាគីតំណាងនិយោជក សមាគមនិយោជក និងភាគីតំណាងរាជរដ្ឋាភិបាល ដើម្បីពិគ្រោះយោបល់ និងសម្រេចលើការងារទាំងឡាយទាក់ទងនឹងទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងការចរចាកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករផងដែរ។ ឯកឧត្តម បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយវិវាទការងារបានកើតឡើងទាំងអស់គ្នា ដើម្បីចៀសវាងការបញ្ឆេះកំហឹងរវាងកម្មករ និងថៅកែរោងចក្រ ដែលនឹងធ្វើឱ្យបាត់បង់ផលប្រយោជន៍ទាំងសងខាង។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា កត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ មានការចូលរួមរបស់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាច្រើន ក្នុងចូលរួមជ្រោមជ្រែងធ្វើឱ្យសុវត្ថិភាពការងារមានភាពកាន់តែប្រសើរឡើង ពិសេសជុំវិញនឹងទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងថៅកែរោងចក្រ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វិវាទការងារជាបុគ្គលដែលដោះស្រាយនៅត្រឹមនាយកដ្ឋានវិវាទការងារក្នុងឆ្នាំ២០១៧ មានចំនួន៤៧៦ករណី ក្នុងនោះបានដោះស្រាយ សះជាចំនួន២២៨ករណី មិនសះជាចំនួន១៩១ករណី និងមោឃៈចំនួន៥៧ករណី។ ជាមួយគ្នានេះ ក៏បានដោះស្រាយវិវាទការងាររួម ចំនួន១២៧ករណីផងដែរ ក្នុងនោះសះជាចំនួន៥៦ករណី មិនសះជាចំនួន៧០ករណី និងមោឃៈចំនួន១ករណី៕