ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋាភិបាលឥណ្ឌាផ្ដល់ពូជដំណាំដល់ប្រជាជនកម្ពុជាបន្ទាប់ពីរង់គ្រោះ ទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកជួន  បូណា

ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌា នឹងជួយស្ដារឡើងវិញ និងផ្ដល់ពូជដំណាំមួយចំនួនដល់កម្ពុជាបន្ទាប់ពីទឹកជំនន់ តាម​រយៈ​ការចុះ​ហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន ដែលជាផែនទីចង្អុលផ្លូវសម្រាប់ប្រទេសទាំងពីរ ។

រដ្ឋាភិបាលឥណ្ឌាត្រៀមជួយដល់កម្ពុជានេះ ធ្វើឡើងក្នុងឱកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតិ​ឲ្យគណៈប្រតិភូក្រសួងការបរទេសឥណ្ឌា ដឹកនាំដោយលោកជំទាវ ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួសម​ និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា ។

លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច មានប្រសាសន៍ថា  តាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរ បានចុះហត្ថ​លេខា​លើ​ឯកសារ​សំខាន់ៗជាច្រើន ដែលជាផែនទីចង្អុលផ្លូវសម្រាប់ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍ និងសហ​​ប្រតិ​​បត្តិការ​លើវិស័យ​បច្ចេក​វិទ្យា ការពារជាតិ សុខាភិបាល សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។

លោកជំទាវ បានលើកឡើងអំពី គម្រោងទទួលផលឆាប់រហ័ស ដែលលោកជំទាវ បានលើកយកមកពិភាក្សា​​ជាមួយ​នឹង​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះ​​រាជាណាច​​ក្រ​​កម្ពុជា​។ ​គម្រោងនេះ អាចជួយក្នុងការស្តារអណ្តូងទឹក ការផ្តល់គ្រាប់ពូជ និងការជួសជុលសាលារៀន មន្ទីរពេទ្យ ដែលបាន​​ទទួល​រង​​គ្រោះដោយសារទឹក ជំនន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំរបស់ប្រជាពលរដ្ឋត្រូវ​​បានខូត​​ខាត​ដោយ​​សារ​ទឹក​​ជំនន់ផងដែរ។

សម្តេចវិបុលសេនាភក្តី  សាយ  ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញនូវទំនាក់​ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់កម្ចីឥណទានសម្បទាន សម្រាប់​​ការតភ្ជាប់បណ្តាញអគ្គិសនី គម្រោងសាងសង់ និងអភិវឌ្ឍធនធានទឹក ជំនួយដល់វិស័យអប់រំ (អាហារូបករណ៍វគ្គសិក្សាខ្លី-វែង)​ ការជួសជុល និងអភិរក្សប្រាសាទនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ ជំនួយសម្រាប់សាលាក្តីខ្មែរក្រហម ព្រមទាំង​បាន​បញ្ជូនអ្នកសង្កេតការណ៍របស់ប្រទេសឥណ្ឌា មកចូលរួមសង្កេតការណ៍ការបោះឆ្នោត​​ជ្រើសតាំងតំណាង​រាស្ត្រ នីតិកាល​ទី៦ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព គ្មានអំពើហឹង្សា មានលក្ខណៈសេរី  ត្រឹមត្រូវ និងយុត្តិធម៌៕