ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

UNHCR: កុមារចំណាកស្រុកប្រមាណ៤លាននាក់​មិនបានចូលសាលារៀន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — ទីភ្នាក់ងារជនភៀសខ្លួន អ.ស.ប បាននិយាយនៅក្នុងរបាយការណ៍មួយដែល​បានចេញ​ផ្សាយកាលពីថ្ងៃពុធថា កុមារចំណាកស្រុកប្រមាណ​៤លាននាក់ នៅលើពិភពលោក មិនបាន​ចូលសាលារៀន នឹងជាសរុបត្រូវបានកើនឡើងគួរឱ្យកត់សម្គាល់។

ទីភ្នាក់ងារនេះបាននិយាយថា ទិន្នន័យបានកើនឡើងដោយកុមារកន្លះលាននាក់​នៅ​ក្នុង​រយៈពេល​តែមួយឆ្នាំប៉ុណ្ណោះ។ របាយការណ៍បានបង្ហាញថា ការអប់រំជនភៀសខ្លួន គឺស្ថិត​នៅ​ក្នុងវិបត្តិ ដែ​លបានបង្ហាញឱ្យឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​ ទីភ្នាក់ងារ​ជនភៀសខ្លួន អ.ស.ប(UNHCR) ហើយនិង​ដៃគូរបស់ខ្លួន​ ក្នុងការចុះឈ្មោះចូលរៀនរបស់កុមារ​ចំណាកស្រុក ​គឺមិន​អា​ចថែរក្សាបាននូវល្បឿន ដោយប្រៀបធៀបទៅនឹងកំណើនប្រជាជន​ចំណាក​​ស្រុកនោះ​ឡើយ។

នៅដំណាច់ឆ្នាំ២០១៧ មានជនចំណាក់ស្រុកប្រមាណជាង ២៥.៤លាននាក់​នៅជុំវិញ​ពិភពលោក។ ជាងពាក់កណ្តាលនៃជនភៀសខ្លួន ប្រមាណ៥២ភាគរយ គឺជាកុមារ និងក្នុង​ចំណោមពួកគេទាំងនោះដែរ មានប្រមាណ៧.៤ភាគរយ គឺបានស្ថិតនៅក្នុងអាយុសិក្សា។​

លោក Filippo Grandi ជាបេសកជនទទួលបន្ទុកជនភៀសខ្លួន អ.ស.ប បាននិយាយថា ការអប់រំគឺជាមធ្យោបាយសំខាន់មួយ ក្នុងការជួយដល់កុមារក្មេងៗ ប៉ុន្តែវាក៏មានសារៈសំខាន់​ផងដែរក្នុងការកសាងប្រទេសជាតិរបស់ពួកគេឡើងវិញ។ ការគ្មានការអប់រំ អនាគតនៃកុមារទាំង​នោះ និងសហគមន៍របស់ពួកគេ នឹងមិនអាចសង្រ្គោះនូវអ្វីដែលបានទទួលរងការខូចខាត​នោះឡើយ។​

តាមរបាយការណ៍បានឱ្យដឹងថា មានតែ៦១ភាគរយនៃកុមារចំណាកស្រុកប៉ុណ្ណោះបាន​​ចូលរៀននៅថ្នាក់បឋមសិក្សា បើប្រៀបធៀបទៅនឹងកុមារប្រមាណ៩២ភាគរយ​លើពិភព​លោក។ ខណៈដែលកុមារ ចំណាកស្រុកកាន់តែចាស់ គម្លាតទាំងនេះកាន់តែកើនឡើង​។ កុមារ​ចំណាកស្រុកជិតពីរភាគបី ​ដែលបានរៀននៅថ្នាក់បឋមសិក្សា គឺមិនអាចធ្វើឱ្យពួកគេទៅរៀន​នៅថ្នាក់មធ្យមសិក្សាបានទេ។ កុមារចំណាកស្រុក សរុបប្រមាណ ២៣ភាគរយ បានចូលរៀន​នៅ​ថ្នាក់មធ្យមសិក្សា បើប្រៀបធៀបទៅនឹងកុមារប្រមាណ៨៤ភាគរយលើពិភពលោក៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )