ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាមេរិក ចំពោះកិច្ចខិតខំប្រឹងប្រែងនានាដែលកំពុងបន្ត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨– ការិយាល័យរបស់លោកបាននិយាយថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក សុង ​យ៉ុង-មូ(Song Young-moo) និងមេបញ្ជាការជាន់ខ្ពស់អាមេរិក២រូប បានព្រមព្រៀងគ្នាកាលពី​ថ្ងៃអង្គារ ​ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអាកាសរបស់សម្ព័ន្ធមិត្ត​ក្នុងការលើក​កម្ពស់​សន្តិភាពនៅលើឧបទ្វីបកូរ៉េ។


លោក សុង បានជួបប្រជុំជាមួយមេបញ្ជាការទ័ពអាកាសប៉ាស៊ីហ្វិក ឧត្តមសេនីយ៍ Charles Q.Brown Jr និងមេបញ្ជាការកងកម្លាំងអាកាសថ្មីទី៧ ឧត្តមសេនីយ៍ Kenneth S.Wilsbach នៅឯការិយាល័យរបស់លោក​នៅទីក្រុងសេអ៊ូល។

ក្រសួងរបស់លោក សុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីលោក​ សុង និងមេបញ្ជាការលោក Brown ដែលបានចែករំលែកទស្សនៈគ្នាទៅវិញទៅមក ដែលជា​កិច្ច​សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាង​ពួកអាជ្ញាធរនៃកងយោធានៃប្រទេសទាំងពីរ គឺមានសារៈ​សំខាន់ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងខាងការទូត សម្រាប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ នៅ​លើ​ឧបទ្វីបកូរ៉េ ព្រមទាំងការបង្កើតសន្តិភាព។

លោក សុង បានអំពាវដល់មេដឹកនាំយោធាអាមេរិកទាំងពីរ ឱ្យធ្វើការងារនៅក្នុងកិច្ច​សហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងកងកម្លាំងអាកាសទាំងពីររបស់ពួកគេ។ ការិយាល័យលោក Brown បាននិយាយថា​ លោក Brown បាននិយាយថា មេបញ្ជាការ​របស់លោក​នឹងបន្តអនុវត្តនូវបេសកម្មជាចាំបាច់មួយ សម្រាប់សន្តិភាព និងស្ថិរភាពនៅលើ​ឧបទ្វីបកូរ៉េ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )