ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមចូលរួមសិក្ខាសាលាស្តីពីកិច្ចអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនៅហូឡង់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — គណៈប្រតិភូមកពីក្រសួងសំណង់ ដែលដឹកនាំដោយអនុរដ្ឋមន្រ្តី លោកស្រី Phan Thi My Linh បានចូលរួមសិក្ខាសាលាមួយ ស្តីពីការកសាងទីក្រុងឆ្លាតវៃ បៃតង និងសន្សំសំចៃថាមពល ដែលធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃទី២៨ ខែសីហា។

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa បានចាត់ទុកប្រទេសហូឡង់ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក ដែលបានត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដោយលោកបាននិយាយថា បទពិសោធន៍ទាំងនេះនឹងជួយដល់វៀតណាមក្នុងដំណើរការនេះ។
លោកស្រីជឿជាក់ថា សិក្ខាសាលានេះនឹងផ្តល់នូវព័ត៌មានដ៏មានតម្លៃ និងផ្តល់នូវអ្វីដែលជាចំណាប់អារម្មណ៍ និងការចង់បានរបស់វៀតណាម។

បណ្តាអ្នកជំនាញហូឡង់មកពីក្រសួង វិទ្យាស្ថាន និងក្រុមហ៊ុនអាជីវកម្មនានា បានបង្ហាញអំពីយុទ្ធសាស្ត្រជាតិ និងដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹងកិច្ចអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។ គណៈប្រតិភូវៀតណាមបានពិភាក្សាជាមួយអ្នកជំនាញហូឡង់អំពីស្តង់ដារ បទបញ្ញត្តិ គោលនយោបាយ និងការចែករំលែកទិន្នន័យ។

នៅក្នុងការធ្វើសេចក្តីសន្និដ្ឋាននៅក្នុងពិធីនេះ លោកស្រីអនុរដ្ឋមន្រ្តី Linh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចរចានៅក្នុងព្រឹត្តិការណ៍នេះ ដែលលោកស្រីបាននិយាយថា វាពិតជាមានប្រយោជន៍ណាស់ចំពោះវៀតណាមក្នុងការគ្រប់គ្រងសំណង់។

ជាមួយគ្នានេះផងដែរ គណៈប្រតិភូក៏បានរៀនអំពីគំរូនៃទីក្រុងអាកាសយានដ្ឋាននៅទីក្រុងអាំស្ទឺដាំ ដែលបានចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរទីក្រុង Noord Brabant និងទីក្រុង Eindhoven ហើយបានពិភាក្សាអំពីគំរូទីក្រុងឆ្លាតវៃ Eindhoven និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយទីក្រុងនេះផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)