ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សិក្ខាសាលាស្តីពីស្តង់ដារគុណភាពសេវាភ័ស្តុភារកម្មបៃតង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ –ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កាលពីថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាមួយ ដែល ដឹកនាំដោយវិទ្យាស្ថានមេគង្គស្ដីពី “អត្ថប្រយោជន៍ និងការប្រើប្រាស់កម្មវិធីសូហ្វវែរសម្រាប់ ស្តង់ដារគុណ ភាពសេវាភស្តុភាកម្មបៃតង”។

ប្រភពដដែលបានគូសបញ្ជាក់ថា សិក្ខាសាលានេះសហការរៀបចំឡើងដោយវិទ្យាស្ថានមេគង្គ ព្រះរាជាណាចក្រថៃ និងអគ្គនាយកដ្ឋានភ័ស្តុភារកម្ម(GDL) នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។សិក្ខាសាលានេះមានការចូលរួមពី មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈៀង ពេជ្រ បានគូសបញ្ជាក់អំពីបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្នដូចជា រថយន្តដឹកជញ្ជូនទំនិញចាស់និងគ្មានប្រសិទ្ធភាព ចំណេះដឹងផ្នែកគ្រប់គ្រងភស្តុភារកម្មមិនគ្រប់គ្រាន់ ស្តង់ដារសុវត្ថិភាពទាប និងការបណ្តុះបណ្តាលអ្នកបើកបរអន់ថយ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានមានប្រសាសន៍ថា ចំពោះទស្សនៈទាក់ទងនឹងការដឹកជញ្ជូនបៃតង (Green Freight Logistics Concept) អាចជួយបង្ហាញផ្លូវ និងដោះស្រាយបញ្ហាទាក់ទង នឹងដឹកជញ្ជូនទំនិញទាំងនេះបាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះវិទ្យាស្ថានមេគង្គ ដែលបានផ្តល់ការគាំទ្រក្នុងការនាំយកការបណ្តុះបណ្តាល និងសូហ្វវែរនេះមកកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី