ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អនុប្រធានទី២ព្រឹទ្ធសភាសំណួមពរសភាប្រឹក្សានយោបាយប្រជាជនចិន ប្រចាំខេត្តឡៅនីង ជួយផ្សព្វផ្សាយអំពីការវិនិយោគ និងទេសចរណ៍នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ –ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានសំណួមពរដល់គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ប្រចាំខេត្តឡៅនីង នៃសាធារណរដ្ឋប្រជាមានិតចិនឱ្យជួយ ផ្សព្វផ្សាយអំពី ការវិនិយោគ និងទេសចរណ៍ដល់ប្រជាជន និងអ្នកវិនិយោគចិន ឱ្យមកធ្វើការវិនិយោគ និងទេសចរណ៍នៅប្រទេសកម្ពុជាឱ្យកាន់តែច្រើន និងជួយរកទីផ្សារសម្រាប់កសិផលរបស់ប្រទេសកម្ពុជា។

នៅក្នុងជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូចិនដឹកនាំដោយឯកឧត្តម LI Xiaoan អនុប្រធានគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនចិន ប្រចាំខេត្តឡៅនីង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន រដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេសភាប្រឹក្សានយោបាយប្រជាជនចិនជាមួយនឹងព្រឹទ្ធសភាកម្ពុជា។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការជឿជាក់របស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលបានចាត់ទុកជាកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ប្រទេសកម្ពុជា បានចាត់ទុកប្រជាជន និងប្រទេសចិន ជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ។ ឯកឧត្តម ទេព ងន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្តល់ជំនួយជាច្រើនដល់កម្ពុជា ដូចជាជំនួយឥសំណង និងកម្ចីការប្រាក់ទាប ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបញ្ជូនអ្នកវិនិយោគិន មកវិនិយោគនៅកម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ថា ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន គឺជាជំនួយដែលគ្មានលក្ខខណ្ឌ។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់ជំហរឥតងាករេ និងគាំទ្រគោលនយោបាយចិនតែមួយ និងគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានបង្កើនទំហំពាណិជ្ជកម្មដល់ជាង ៥ពាន់លានដុល្លារអាម៉េ រិក ហើយក្នុងគោលដៅឆ្នាំ២០២០ នឹងបង្កើនឱ្យដល់ ៦ ប៊ីលានដុល្លារអាម៉េរិក។ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រព្រឹទ្ធសភាកម្ពុជា តាមរយៈការស្តារ និងកសាងហេដ្ឋា រចនាសម្ព័ន្ធ ផ្តល់ជាសម្ភារ បរិក្ខារ និងមធ្យោបាយដឹកជញ្ជូនជាដើម។

ឯកឧត្តម LI Xiaoan បានសម្តែងនូវសេចក្តីរីករាយ ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាងបានបានថ្លែងអំណរគុណចំពោះឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នាឱកាសនេះ។ ឯកឧត្តម LI Xiaoan បាន រម្លឹកអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានបង្កើតឡើងតាំងពីយូរលង់ណាស់មកហើយ ក្រោមស្នាព្រហស្តរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន។ ទំនាក់ទំនងនេះត្រូវបានរក្សាបានយ៉ាងរឹងមាំ និងមានការរីកចម្រើនជាលំដាប់ និងឈានដល់កម្រិតកំពូល ជាកិច្ចសហប្រតិបត្តិការក្នុងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម LI Xiaoan បានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត សក្តានុពលសេដ្ឋកិច្ច និង វិស័យសំខាន់ៗខ្លះៗ នៅខេត្តឡៅនីងដែលខេត្តនេះគឺជាខេត្តមួយស្ថិតនៅជាប់នឹងមាត់  សមុទ្រ ពីខាងជើងរហូតដល់ខាងកើត និងជាខេត្តមួយដែលមូលដ្ឋានគ្រឹះ ផលិតវិស័យបរិក្ខា ឧស្សាហកម្ម  វិស័យកីឡា ដែលមានកីឡាករនៅក្នុងខេត្តទទួលបានពានវង្វាន់អូឡាំពិកច្រើនជាងគេនៅក្នុងប្រទេសចិន និងវិស័យអបរំដ៏ល្អ ដែលមានសាលាបច្ចេកទេស ភាគច្រើនពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត គឺអាចជួយការអភិវឌ្ឍនៅប្រទេសកម្ពុជាផងដែរ ក្នុងនោះខេត្តឡៅនីង មានព្រះរបមរាជវាំង ដូចនៅទីក្រុងប៉េកាំង និងរមនីយដ្ឋានជាច្រើន។ ឯកឧត្តម ក៏បានជម្រាបអំពីគោលបំណងរបស់គណៈប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីបង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន និងខេត្តឡៅនីង និងចង់ជួបជាមួយអ្នកវិនិយោគិនចិនដែលបានមកវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតបនឹងសំណើរបស់ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម LI Xiaoan បានសន្យាថា នឹងជួយផ្សព្វផ្សាយវិស័យទេសចរណ៍ និងផលិតផលកសិកម្មដល់ប្រជាជនចិន ដើម្បីឱ្យពួកគាត់មកធ្វើទេសចរណ៍ និងធ្វើការវិនិយោគឱ្យបានកាន់តែច្រើននៅកម្ពុជា៕

ដោយប៉ាល់ សុង