ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធាន​សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ គ្រោង​អភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយនេះ​ឱ្យ​ក្លាយ​ទៅ​ជាសហគមន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិ

AKP សៀមរាប ថ្ងៃទី៣០ ខែសីហា ឆ្នំា២០១៨ –ប្រធាន​សហគមន៍ទេចរណ៍ធម្មជាតិត្រាវកុដ្ឋ គ្រោង​អភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយនេះ​ឱ្យ​ក្លាយ​ទៅ​ជាសហគមន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិ​ ដែលទាក់​ទាញភ្ញៀវទេស ចរបំផុតនៅថ្ងៃអនាគត និងជួយធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅ​ជុំវិញ​តំបន់នេះមាន​ជីវភាពកាន់តែប្រសើរតាមរយៈការទទួលបាន​ចំណូល​ពី​វិស័យទេសចរណ៍។

សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ ស្ថិតក្នុងឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្ដ សៀមរាប ដែល​មាន​ចម្ងាយប្រមាណជា២៤គីឡូម៉ែត្រនៅ​ផ្នែកខាងកើតឆៀងខាងជើងពីក្រុងសៀមរាប បាន​កំពុងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ឱ្យទៅកម្សាន្តតំបន់នេះជារៀងរាល់ថ្ងៃ។

បឹងធម្មជាតិត្រាវកុដ្ឋបានក្លាយជាសហគមន៍ទេសចរណ៍រណបដែលស្ថិតនៅចំកណ្ដាលរវាងក្រុងសៀមរាប និងភ្នំគូលេន ប្រាសាទបន្ទាយស្រី ប្រាសាទបាគង ប្រាសាទបឹងមាលា និងតំបន់អង្គរ។

លោក អ៊ូ បញ្ញា ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋបាន​ឱ្យ​ដឹងកាល​ពីរសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី​២៩ ​ខែសីហា ឆ្នំា២០១៨​ថា សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ គឺមានបឹងធម្មជាតិត្រាវកុដ្ឋ ដែលមាន​សក្កនុពលស្រាប់ បឹងនេះមានទេសភាពស្អាត ដែលមើលទៅផ្ទៃទឹកជាប់ជើង​ភ្នំខៀវស្រងាត់

លោកបាន​បន្តថា ដើម្បី​ឱ្យ​បឹងនេះកាន់តែមាន​ភាពស្រស់ស្អាតសហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ បានសហការជាមួយដៃគូអភិវឌ្ឍន៍ដោយបាន​រៀបចំឱ្យ​មាន​ភោជនីយដ្ឋាន និងបូទិចនៅជុំវិញបឹងនេះ​ និងបាន​កែលម្អ តុបតែង​ដោយផ្កាផ្សេងៗដែលរួមចំណែក​ធ្វើ​ឱ្យ សហគមន៍ទេសចរណ៍មួយនេះ ​កាន់តែមានភាពទាក់ទាញ។ បច្ចុប្បន្ននេះ សហគមន៍ទេស    ចរណ៍ធម្មជាតិត្រាវកុដ្ឋ មាន​កន្លែង​កម្សាន្តជាច្រើនដូចជា ការ​ជិះទូកកម្សាន្ត ការជិះកង់លើអាកាស និង ការអង្គុយទទួលទានអាហារនៅមាត់ទឹកស្របខ្យល់បរិសុទ្ធ។

លោក អ៊ូ បញ្ញា បាន​បញ្ជាក់ថា ដើម្បីឱ្យតំបន់​នេះ​កាន់តែមាន​ភាព​ទាក់ទាញ លោកនឹង ​អភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយនេះ​ឱ្យ​ក្លាយ​ទៅ​ជាសហគមន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិ​ ដែលទាក់​ទាញភ្ញៀវទេសចរបំផុតនៅថ្ងៃអនាគត និងជួយធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅ​ជុំវិញ​តំបន់នេះមាន​ជីវភាពកាន់តែប្រសើរឡើងតាមរយៈការទទួលបាន​ចំណូល​ពី​វិស័យទេស ចរណ៍ ដូចបង្កើតឱ្យមាន​វង់ទស្សនារបស់​ភ្ញៀវទេសចរបន្ថែមទៀតដូចជា កន្លែមើលថ្ងៃលិច កន្លែងភ្ញៀវជិះរទេះគោ ទស្សនាការដាំបន្លែរបស់ប្រជាពលរដ្ឋ និងបង្កើតឱ្យមានភូមិកសិទេសចរណ៍ជាដើម។ លោកបាន​បន្តថា បច្ចុប្បន្ននេះសហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ មានភ្ញៀវទេសចរទៅកម្សាន្តក្នុង១ថ្ងៃពី ៥០០នាក់ទៅ១.០០០នាក់ជារៀងរាល់ថ្ងៃ។

លោក ង៉ូវ សេង​កាក់​ ប្រធាន​មន្ទីរទេសចរណ៍​ខេត្តសៀមរាប​បាន​ឱ្យដឹង​ថា លោកគំាទ្រចំពោះការរៀបចំសហគមន៍ទេសចរណ៍មួយនេះ​ឱ្យកាន់តែមានភាពទាក់ទាញ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​តាមសហគមន៍ទទួលបាន​ចំណូល​ដោយ​ផ្ទាល់ពីវិស័យទេសចរណ៍។

លោកប្រធាន​មន្ទីរទេសចរណ៍បានបន្តថា បច្ចុប្បន្ននេះក្រៅពី​ប្រាសាទ​បុរាណ​​ ខេត្តសៀមរាប​មាន ផ្ទះស្នាក់បែបបុរាណ ភោជនីយដ្ឋានក្នុង​ស្រុក ទំនៀមទម្លាប់ការ​រស់​នៅ​ប្រចំាថ្ងៃរបស់​ប្រជា​ជន វប្បធម៌ ​និងសហគមន៍ទេសចរណ៍ជាច្រើនទៀត ដែលភ្ញៀវទេសចរ តែងតែចង់ឈ្វេងយល់ និងទៅដោយផ្ទាល់។ ដើម្បី​ឱ្យ​ភ្ញៀវទេសចរបាន​ស្គាល់​ពី​រមណីយ​ដ្ឋាន​ធម្មជាតិ​ជាច្រើន ​ដែល​មាន​នៅខេត្ត​សៀមរាប​ក្រៅពី​ប្រាសាទ​បុរាណ អាជ្ញាធរខេត្តបានបង្កើតឱ្យមានផែន​ទីទេសចរណ៍សៀមរាបក្រៅពី​ប្រាសាទ ដែលផែនទី​នេះ​បាន​បង្ហាញ​អំពីរមណីយ​ដ្ឋានធម្មជាតិទំាង​អស់​នៅ​ក្នុង​ខេត្តសៀមរាប​ឱ្យអ្នកទេសចរបាន​ដឹង ហើយផែនទីនេះបានដាក់ជូនទៅទីភ្នាក់ងារទេសចរណ៍ទំាង​អស់​ ដើម្បី​ដាក់បញ្ជូលទៅក្នុង​កញ្ចប់ទស្សនាដែលបានលក់ជូនភ្ញៀវទេសចរ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរបានទៅដល់សហគមន៍៕

ដោយឃុត សៅ