ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឥណ្ឌាស្វាគមន៍ និងអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — លោកជំទាវ Sushma Swaraj រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា បានសម្ដែង​នូវ​​ការស្វាគមន៍ និងអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត​ជ្រើសតាំងតំណារាស្ត្រនីតិ​កា​លទី៦ នៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០​១៨​ ​កន្លងមកនោះ។


ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់​អ្នក​​យកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Sushma Swaraj រដ្ឋមន្ត្រីការបរទេសនៃសា​ធា​រណ​រដ្ឋ​ឥណ្ឌា និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០​១៨ ក្នុងខណៈដែលលោកជំទាវដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុ​ជា​។

លោកជំទាវ Sushma Swaraj បានមានប្រសាសន៍ថា ឥណ្ឌាបានបញ្ជូនអ្នកសង្កេត ការណ៍​បោះ​ឆ្នោតមកកាន់កម្ពុជា ហើយបានមើលឃើញដំណើរការបោះឆ្នោតមួយ មានភាពសេរី យុត្តិ​ធម៌​ និងគ្មានអំពើហិង្សា និងបានសង្កេតឃើញផងដែរថា កម្ពុជាមានការ អភិវឌ្ឍ​យ៉ាងឆាប់​រ​ហ័​​ស ទាំងផ្នែកទន់ និងផ្នែករឹង ព្រមទាំងទទួលបានជោគជ័យជាស្ថាពរ នៅក្នុងការសម្រេច​គោល​​ដៅអភិវឌ្ឍន៍សហស្សវត្សរ៍ក្នុងរយៈពេលដ៏ខ្លីបំផុត។ លទ្ធផល ទាំងនេះ គឺឆ្លុះបញ្ចាំង អំពីជំ​នឿ​​ទុកចិត្ត និងលទ្ធផលនៃការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ជូនដល់គណបក្សប្រជាជន​កម្ពុ​ជា​។
លោកជំទាវក៏បានជម្រាបជូនសម្ដេចតេជោ អំពីកិច្ចពិភាក្សា ជាមួយឯកឧត្ដមទេស រដ្ឋមន្ត្រី រដ្ឋ​មន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អំពីគម្រោងការហោះ ហើរផ្ទាល់ពី​ឥ​ណ្ឌា​មក​កាន់កម្ពុជា និងគម្រោងទទួលផលឆាប់រហ័សផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការសម្ដែងនូវ​ការ​អបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត និងបានជម្រាបជូនលោក​ជំទាវរដ្ឋមន្ត្រីការ​បរ​ទេស​យ៉ាងសង្ខេបអំពីដំណើរការ និងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា។ សម្ដេចតេជោ​ក៏​បាន​​ថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់​ក្នុង​ការ​​ផ្ដល់ជំនួយជួយដល់កម្ពុជានាពេលកន្លមក ជាពិសេសនៅពេលដែលកម្ពុជាទើបតែរំដោះ​ចេ​ញពីរបបខ្មែរក្រហម ប្រទេសឥណ្ឌាគឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ ដែល​ទទួ​ល​ស្គាល់និងគាំទ្រប្រទេសកម្ពុជាដំបូងបង្អស់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវ​ការ​ស្វាគមន៍ ចំពោះកិច្ចពិភាក្សាជាមួយ ឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​ស​ហ​ប្រតិ​បត្តិការអន្តរជាតិកម្ពុជា អំពីការហោះ ហើរត្រង់ និងគម្រោងទទួលផលរហ័ស ដោយ​ស​ម្ដេច​​បានមានប្រសាសន៍ថា គម្រោងទទួល ផលរហ័សនេះ គឺជួយដោះស្រាយដោយ​ត្រង់ដល់​ប្រ​ជាជនតែម្ដង និងមានសារៈសំខាន់ ណាស់ ជាពិសេសនៅពេលដែលកម្ពុជាកំពុងតែជួប​ប្រ​ទះ​នៅ​ទឹកជំនន់ដូចនៅពេលនេះ ព្រោះជំនួយនេះអាចជួយដោះស្រាយទៅលើ ការស្ដារអណ្ដូង ការ​ផ្ដល់គ្រាប់ពូជ ក៏ដូចជា ការជួសជុលសាលារៀន មន្ទីរពេទ្យ។ល។ ដែលទទួលរងគ្រោះ​ដោ​យ​​ទឹកជំនន់នេះ៕

ដោយ ជឹម ណារី