ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម សួង ថោ (SONG TOA) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ចំពេលដែលរដ្ឋាភិបាល និងប្រជាជននៃប្រទេ​ស​ទាំងពីរបាន និងកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ពីរកម្ពុជា-ចិន។ តាមរយៈដំណើរទស្សនកិច្ចនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកនូវចំណងមិត្ត​ភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងរវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិន មានការរីកចម្រើន ជាលំដាប់ និងឈានដល់កម្រិតកំពូល ជាកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មិនអាច កាត់ផ្តាច់បានអំពី ការជួយឧបត្ថម្ភគាំទ្រទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីរដ្ឋាភិបាល និងប្រជាជន ចិនបានឡើយ។ កិច្ច​​​សហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនេះ បាននាំមកនូវ ការអភិវឌ្ឍ ហើយព្រះរា​ជា​ណាចក្រកម្ពុជា អាចការពារបាននូវឯករាជ្យភាព អធិបតេយ្យភាព របស់ខ្លួន។

សម្តេចប្រធានព្រឹទ្ធ​សភា បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗនៅព្រះរាជាណាចក្រកម្ពុជា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលតី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស លទ្ធផលជា ផ្លូវការរួចមក ហើយព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំសមាសភាពរាជរដ្ឋាភិបាលថ្មី ដើម្បីទៅសុំសេចក្តីទុកចិត្តពី រដ្ឋសភា ដែលគ្រោងបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៦ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មក នឹងមានការធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង ហើយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលថ្មី នឹងអញ្ជើញធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងផងដែរ។

សម្តេចបានជម្រាបជូនបន្តថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបជាមួយនឹងគណបក្សនយោបាយចំនួន១៦ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ហើយការជួបគ្នានេះបាននាំមកដល់ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺជាយន្តការប្រជាធិបតេយ្យមួយស្របទៅ នឹងតម្រូវការជាក់ស្តែងរបស់ប្រទេសកម្ពុជា។ ក្នុងរយៈពេលជាងពីរសប្តាហ៍នេះ តាមរយៈសំណើរបស់សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រះមហាក្សត្របានព្រះរាជទានការលើកលែងទោសដល់ទណ្ឌិតមួយចំនួនដោយមូលហេតុមនុស្សធម៌ និងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា រាជរដ្ឋាបាភិបាលថ្មីនឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើន ថែមទៀត ដើម្បីបម្រើផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តម សួង ថោ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យ គណៈប្រតិភូចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់ឯកឧត្តមប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន និងឯកឧត្តមប្រធានសភា តំណាងប្រជាជនចិន ជូនសម្តេចប្រធានព្រឹទ្ធសភា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលត្រូវចាត់ទុកជាមិត្តល្អ និងជាអ្នកជិតខាងល្អ ជាពិសេសជាមិត្តពិតប្រាកដ។ ឯកឧត្តមប្រធានគ ណៈប្រតិភូបានរម្លឹកថា ក្នុងខែកក្កដាកន្លងទៅនេះ ឯកឧត្តម ស៊ី ជិនពីង ប្រធាននាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានផ្ញើសារអបអរសាទរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះជ័យជម្នះដ៏ត្រចះ ត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦។

ឯកឧត្តម ក៏បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា បក្ស រដ្ឋាភិបាល និងប្រជាជនចិន សូមអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការបោះឆ្នោតនេះបានបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាគាំទ្រនូវ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេស និងលើកកម្ពស់ជីវភាពរបស់ ប្រជាជន ហើយខិតខំការពារបាននូវឯករាជ្យ អធិ​បតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

សាធារណរដ្ឋប្រជាមានិតចិនមានសេចក្តី រីករាយបំផុត សូមអបអរសាទរចំពោះជ័យជម្នះនេះ និងបន្តពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស ទាំងពីរនាពេលអនាគត។ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយនៅក្រៅសភា ដែលសមស្រប ទៅនឹងតម្រូវការជាតិ និងជាការប្រមូលផ្តុំនូវបញ្ញាញាណរួមក្នុងការកសាងប្រទេសជាតិ ព្រមទាំងសម ស្របទៅនឹងសភាពការណ៍ជាក់ស្តែង និងវប្បធម៌ ប្រពៃណីរបស់ប្រជាជនកម្ពុជា៕

ដោយ ប៉ាល់ សុង