ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងសេដ្ឋកិច្ចបង្ហាញពីភាពវិជ្ជមាននៃកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មវិធីស្បៀង អាហារពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវភាពវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ និងវាយតម្លៃខ្ពស់ ចំពោះការ​ចូលរួមរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការស្តារ និងអភិវឌ្ឍន៍ ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់។

ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យទេសរដ្ឋមន្រ្តីថ្លែងដូច្នេះនៅចំពោះមុខលោកស្រី ណាន់ស៊ី វលធើ (Nancy Walters) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) ក្នុងឱកាស ដែលលោកស្រីជួបពិភាក្សាការងារ និងជម្រាបលា កាលពីថ្ងៃទី២៨​ខែសីហាឆ្នាំ២០១៨ ខណៈដែលបេសកកម្មរបស់លោកស្រីនឹងត្រូវបានបញ្ចប់នាចុងខែ សីហា ឆ្នាំ២០១៨ ខាងមុខនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ការចូលរួមចំណែកដ៏សំខាន់ របស់តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក WFP នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពី ការតាំងចិត្តរបស់WFP មកលើប្រទេសកម្ពុជា ក្នុងការកសាងសមត្ថភាពធនធានមនុស្ស តាមរយៈគម្រោងសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី ក៏គូសបញ្ជាក់អំពី ការគាំពារសង្គម និងការអប់រំ គឺជាអាទិភាពមួយក្នុងយុទ្ធ សាស្ត្រ ចតុកោណទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ។

លោកស្រី ណាន់ស៊ី វលធើ បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ តាមរយៈ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយអាចចាត់ទុកជាប្រទេសគំរូ ។

លោកស្រីក៏បានថ្លែងអំណរគុណជូនចំពោះក្រសួង-ស្ថាប័នទាំងឡាយ ជាពិសេស ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់ WFP កន្លងមក ជាក់ស្តែង ក្រោមក្របខ័ណ្ឌ កម្មវិធីរយៈពេល ៥ ឆ្នាំ (២០១១-២០១៥) និង ៣ ឆ្នាំ (២០១៦-២០១៨) ។ លោកស្រីបានលើកឡើងថា បេសកកម្មរបស់ WFPនៅកម្ពុជានៅតែបន្តអនុវត្តន៍ តាមរយៈក្របខ័ណ្ឌកម្មវិធី ២០១៨-២០២១។ បន្ថែមពីនេះ, លោកស្រីក៏បានគូសបង្ហាញ អំពីស្ថានភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រ (Country Strategic Plan) សម្រាប់ ឆ្នាំ ២០១៩-២០២៣ របស់ WFP ដែលនឹងឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណទី ៤ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយតំណាង អង្គការ កម្មវិធីស្បៀងអាហារពិភពលោកថ្មីដើម្បីបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន

រូបថត៖ ក្រសួងសេដ្ឋកិច្ច