ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឥណ្ឌាគាំទ្រ ចំពោះការបង្កើត ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់របស់សម្តេចតេជោដែលជាគំនិតផ្សះផ្សារជាតិដ៏អស្ចារ្យ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកអាត ចន្ធូ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌាគាំទ្រ ចំពោះការបង្កើតឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគំនិតផ្សះផ្សារជាតិដ៏អស្ចារ្យ ដើម្បីផ្តល់ឱកាសដល់គណបក្សដែលបរាជ័យ ក្នុងការបោះឆ្នោតនីតិកាលទី៦ បានចូលរួមចំណែកក្នុងការងាររបស់រាជរដ្ឋាភិបាល។

 ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយលោកជំទាវ Shusma Swaraj រដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌា នៅទីស្ដីការស្រួងការបរទេស កាលពីព្រឹកថ្ងៃទី ២៩ ខែសីហានេះ ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានប្រាប់ឲ្យដឹងថា លោកជំទាវ Shusma Swaraj បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យ កាន់តែរឹងមាំ និងស្ថានភាពនយោបាយរបស់កម្ពុជាកាន់តែវិវត្តន៍យ៉ាងល្អប្រសើរតាមរយៈ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និងមានការដោះលែងជាបន្តបន្ទាប់នូវសកម្មជនដីធ្លី អ្នកកាសែត និងអតីតតំណាងរាស្រ្តគណបក្សប្រឆាំងនៅក្រោយការបោះឆ្នោត។

 លោកជំទាវបានបន្ដថា ការបង្កើតឧត្តមក្រុមប្រឹក្សានេះ ជាការផ្តល់ឱកាសដល់គណបក្សនយោបាយដទៃដែលមិនមានអាសនៈនៅក្នុងរដ្ឋសភា បានចូលរួមចំណែកក្នុងការងាររបស់រាជរដ្ឋាភិបាល។

ជាការឆ្លើយតបនៅក្នុងជំនួបនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានបញ្ជាក់ពីបរិយាកាសនយោបាយដ៏ល្អប្រសើរនៅក្នុងប្រទេសកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ តាមរយៈការដោះលែងអ្នកនយោបាយជាប់ទោសនានា ដែលជាការបង្ហាញឲ្យឃើញពីស្មារតីផ្សះផ្សារជាតិរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

លោកជំទាវរដ្ឋមន្ត្រីកាបរទេសឥណ្ឌា ក៏បានសម្តែងការអបអរសាទរចំពោះដំណើរការដ៏ជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា និងបានអបអរសាទរចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការ ដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីផងដែរ៕