ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីការបរទេសឥណ្ឌា អបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី៦ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — លោក ជំទាវ ស៊ូម៉ា វ៉ារ៉ាស់(Shusma Swaraj) រដ្ឋមន្រ្តីការបរទេសឥណ្ឌាបានអបអរសាទរ​ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨នេះនៅកម្ពុជា ជា ពិសេសអបអរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបន្ដតំណែងជានាយករដ្ឋ មន្រ្ដី។

ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបញ្ចប់ជំនួប ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា លោកជំទាវរដ្ឋមន្ត្រីការ បរទេសឥណ្ឌាបានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា ដែលប្រជាជន កម្ពុជា បានទៅបោះឆ្នោតមានអត្រាខ្ពស់ និងបង្ហាញពីប្រជាធិបតេយ្យនៅកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រីបានកោតសរសើរចំពោះការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់ យោបល់សម្រាប់ឱ្យគណបក្សនយោបាយចូលរួមនោះគឺជាគំនិតផ្តួច ផ្តើមផ្សះផ្សារជាតិ។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្ដល់យោបល់គឺជាគំនិតផ្តួច ផ្តើមផ្សះផ្សាជាតិរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្ដល់ឱកាសដល់គ្រប់គណបក្សនយោបាយទាំងអស់ ក្នុងការបញ្ចេញនូវមតិយោបល់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានបន្ដថា រហូតមកដល់ពេលនេះ សម្តេចតេជោ នាយករដ្ឋមន្រ្ដីបានសុំព្រះមហាក្សត្រ ប្រទានការលើក លែងទោសដល់អ្នកជាប់ឃុំជាង២០ នាក់ ដែលជាអតីតគណបក្សប្រឆាំង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការចូលរួម មរណៈទុក្ខជាថ្មីម្តងទៀតជាមួយរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលទទួលរងគ្រោះដោយ គ្រោះទឹកជំនន់ និងរួមចំណែកមរណៈទុក្ខចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រី ឥណ្ឌា ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ឥណ្ឌា សម្រាប់ជួយដល់កម្ពុជាលើការអភិវឌ្ឍ និងជួយបណ្តុះបណ្តាលធនធានមនុស្ស ព្រម​ទាំងផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម។ ទន្ទឹមនេះ កម្ពុជា-ឥណ្ឌា នឹងចុះហត្ថលេខាលើការ វិនិយោគនិងពាណិជ្ជកម្ម នៃប្រទេសទាំងពីរនៅពេលឆាប់ៗ ហើយក៏មានគម្រោងតភ្ជាប់ការ ហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាផងដែរ។

ក្នុងជំនួបនេះដែរ ភាគីឥណ្ឌាបានឯកភាពលើគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងផ្តល់អាហារូបករណ៍២៥កន្លែង និងសារមន្ទីរ ៥កន្លែង និងជួយដល់គម្រោងអភិវឌ្ឍន៍ ខ្នាតតូច ដូចជាបរិស្ថាន សុខាភិបាល ហើយបន្តជួយអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទ តាព្រហ្ម នៅក្នុងតំបន់អង្គរ ខេត្ដសៀមរាប។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ជំនួប ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវរដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានធ្វើជាសាក្សីនៃការចុះអនុស្សរណៈ ចំនួន ពីរ រវាងវិទ្យាស្ថានជាតិការទូតកម្ពុជា ជាមួយភាគីឥណ្ឌា លើការបណ្តុះបណ្តាលធនធាន មនុស្ស និងអនុស្សរណៈរវាងអាជ្ញាធរជាតិព្រះវិហា ជាមួយវិទ្យាស្ថានបុរាណវិទ្យាឥណ្ឌា លើការជួសជុល នៅប្រាសាទគោបរៈទី៥នៃប្រាសាទព្រះវិហារ ដោយភាគីឥណ្ឌានឹងបញ្ជូនអ្នក ជំនាញ និងសម្ភារសម្រាប់ការជួសជុលប្រាសាទ៕

ដោយ ខឹម សុវណ្ណារ៉ា