ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — នាព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុរៀប ចំបើកសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតី ភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ហួត ហុន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ព្រមទាំងសមាជិក សមាជិកា តំណាងគណ:បក្សនយោបាយ អង្គការសង្គមស៊ីវិលចូលរួមយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌល គឹងសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ។

លោក ហួត ផុន បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុដំណើរការប្រព្រឹត្តដោយរលូន ដោយមានគណបក្ស នយោបាយចំនួន១៤ ចូលរួមប្រកួតប្រជែង ក្នុងចំណោមគណបក្សនយោបាយទាំង២០ នៅទូទាំងប្រទេស។ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ខេត្តព្រះសីហនុ មានការិយា ល័យបោះឆ្នោតចំនួន ២៩៨ ប្រជាពលរដ្ឋមានឈ្មោះក្នុង បញ្ជីបោះឆ្នោតសរុប ១២៤.០៧២នាក់ ប្រជាពលរដ្ឋមកបោះ ឆ្នោតមានចំនួន ១០២.៩៩៣នាក់ ស្មើនឹង ៨៣.០១ ភាគរយ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមក ត្រូវបានសាធារណមតិជាតិ អន្តរជាតិធ្វើការវាយតម្លៃថា មានលក្ខណៈល្អប្រសើរជាងការ បោះឆ្នោតមុនៗនៅកម្ពុជាកាន់តែមានលក្ខណៈបើកចំហ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ការពារបាននូវសុខសុវត្ថិភាពល្អប្រសើរ។

ឯកឧត្តម យន្ត មីន បន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមកោតសរសើរគណៈកម្មការបោះឆ្នោតខេត្តព្រះសីហនុ បានបំពេញការងារប្រកប ដោយការទទួលខុសត្រូវធានាឱ្យគណបក្សនយោបាយ អង្គការនានាទទួលស្គាល់នូវលទ្ធផល នៃការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព និងឆ្លុះបញ្ចាំងនូវភាពចាស់ទុំខាងនយោបាយ ដើម្បីបន្តអភិវឌ្ឍន៍សំដៅរួមចំណែក កាត់បន្ថយភាពក្រីក្រឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តរភាព ជំរុញដំណើរការកែទម្រង់នៃរដ្ឋបាលខេត្ត ដោយឈរលើវប្បធម៌ សង្គម និងទស្សននយោ បាយរបស់កម្ពុជា។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុមានគណបក្សនយោបាយចំនួន១៤ ដែលបានចូល រួមប្រកួតប្រជែងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨នេះ រួមមាន៖ ១ គណបក្សខ្មែររួបរួមជាតិ, ២ គណបក្សពន្លឺថ្មី ,៣ គណបក្សសញ្ជាតិកម្ពុជា, ៤ គណបក្សខ្មែរក្រោក ,៥ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ , ៦ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៧ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, ៨ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិប តេយ្យ, ៩ គណបក្សខ្មែរឈប់ក្រ, ១០ គណបក្សហ៊្វុនស៊ិនប៉ិច, ១១ គណបក្សយុវជនកម្ពុជា, ១២ គណបក្សឆន្ទៈខ្មែរ, ១៣ គណបក្សខ្មែរតែមួយ និង១៤ គណបក្សប្រជាជនកម្ពុជា៕

ដោយ ងូ សុមុនី