ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបើកសន្និបាតបូកសរុប​លទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨

AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ រួមជាមួយរដ្ឋបាល​ខេត្តបាន បើកសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីស្វែងរកចំណុចខ្លាំង ចំណុច​​ខ្សោយ និងបញ្ហាប្រឈមផ្សេងទៀតជាទុនយកមកអនុវត្តន៍នៅអាណត្តិក្រោយៗទៀតឱ្យ កាន់តែមានប្រសិទ្ធភាពថែមទៀត។

ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ​ក្រោមវត្តមាន​​ លោក អ៊ុំ រាត្រី អភិបាលរងខេត្ត​ លោកកែវ សុភាព សមាជិកក្រុមប្រឹក្សាខេត្ត លោក ហី គិមសេង ប្រធានគណៈកម្មការខេត្តរៀបចំ​ការបោះឆ្នោតខេត្តបន្ទាយមានជ័យ​ និង​​មានសមាជិកសមា ជិកាចូលរូមយ៉ាងច្រើន។ ​

​​ ក្នុងឱកាសនោះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត​ខេត្តបន្ទាយមានជ័យ​លោក ហី គិមសេង បានថ្លែងពីមោទនភាពចំពោះលទ្ធផលល្អប្រសើរ នៃដំណើរការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងថ្លែងអំណរគុណដល់​អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់​ជាន់ថ្នាក់ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរពិសេសលើបញ្ហាការថែរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតកន្លងមកនេះ។

លោក ហី គិមសេង ​​ បានឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យ ​ មាន​គណបក្ស​នយោបាយ​ប្រកួតប្រជែង​ចំនួន ១៣​គណបក្ស ក្នុងនោះ​ជា​លទ្ធផល គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​តំណាងរាស្ត្រទាំង​អស់ (​ទាំង​៦អាសនៈ​) សម្រាប់​ខេត្ត​បន្ទាយមានជ័យ។

ថ្លែងបិទសន្និបាតនេះលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ បើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ។

អភិបាលរងខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់គណបក្ស​នយោបាយទាំង១៣ក្នុងចំណោមគណបក្សទាំង២០ដែលបានចូលរួមប្រកួតប្រជែងក្នុង​​ខេត្ត​បន្ទាយមានជ័យទាំងការឃោសនាបោះឆ្នោត និងរាប់សន្លឹកឆ្នោតហើយដែលមិនបាន បង្កការលំបាកដល់អាជ្ញាធរ និងបានបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយទាំងអស់ ក្នុងការគោរពច្បាប់ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា៕

​ ​ដោយ ឈុន សារ៉ាត