ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ប្រទេសម៉ិកស៊ិក​ស្តីអំពី NAFTA

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋ​អា​មេរិក​បាន ​អនុម័តនូវកិច្ចព្រមព្រៀងមួយ ជាមួយប្រទេសម៉ិកស៊ិក ដែលអាចនឹងបើកផ្លូវសម្រាប់​ជួសជុលឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ( NAFTA ) មួយនេះ។

លោក ត្រាំ បាននិយាយនៅឯការចូលរួមព្រឹត្តិការណ៍មួយ ក្នុងការិយាល័យរាង​ពងក្រពើ​ជាមួយ​ប្រធានាធិបតីម៉ិកស៊ិកដែលចុះចេញពីតំណែង លោក ​Enrique Pena Nieto តាមរយៈ​ការហៅ​តាម​ទូរស័ព្ទថា យើងនឹងកម្ចាត់ចោលនូវឈ្មោះ NAFTA​។ វាមានន័យដ៏អាក្រក់​មួយ​ដោយសារតែសហរដ្ឋអាមេរិកត្រូវបានទទួលរងឈឺចាប់យ៉ាងខ្លាំងដោយសារ NAFTA នេះ​អស់​​រយ:ពេលជាច្រើនឆ្នាំមកហើយ។

លោក Pena Nieto បានទទូចសុំក្នុងអំឡុងពេលការហៅតាមទូរស័ព្ទថា ប្រទេស​កាណាដា​​គួរតែត្រូវបានគេដាក់បញ្ចូលផងដែរនៅក្នុងកិច្ចព្រមព្រៀងបញ្ចប់មួយនេះ។ លោកបាននិយាយ តាមរយ:អ្នកបកប្រែថា វាគឺជាការសន្យារបស់យើងដែល​បច្ចុប្បន្ន​នេះ​ប្រទេស កាណាដា នឹងអាចត្រូវបានគេដាក់បញ្ចូលផងដែរនៅក្នុងរឿងទាំងអស់នេះ។ហើយ​​ខ្ញុំសន្មត់ថា ពួកគេនឹង អនុវត្តន៍នូវការដាក់បញ្ចូលចំពោះបញ្ហាទ្វេភាគីដ៏រសើបនេះ​រវាងប្រទេស​កាណាដានិងអាមេរិក។

លោក ត្រាំ បាននិយាយថា លោកអាចនឹងនិយាយជាមួយនាយករដ្ឋមន្រ្ដីកាណាដា​លោក Justin Trudeau ក្នុងរយ:ពេលដ៏ខ្លីមួយខាងមុខនេះ ហើយបានសង្ឃឹមថា នឹង​បន្ត​កិច្ចចរចានានាជាមួយប្រទេស កាណាដា នាពេលឆាប់ៗនេះដែរ។

លោកបាននិយាយថា មធ្យោបាយមួយឬផ្សេងទៀតនោះ យើងនឹងមានកិច្ចព្រមព្រៀង​មួយជាមួយប្រទេសកាណាដា។ វានឹងក្លាយជាពន្ធលើរថយន្ត ឬ​ក៏វានឹងក្លាយជាកិច្ចព្រមព្រៀង​ដែល​បាន​ចរចាគ្នាមួយកន្លងមក៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )