ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាមេរិកគ្មានផែនការណាមួយផ្អាកសមយុទ្ធយោធាថែមទៀតជាមួយកូរ៉េខាងត្បូងទេ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក ជេម ម៉ាតទីស (James Mattis ) បាននិយាយពីថ្ងៃអង្គារថា ស.រ.អា គ្មានផែនការណាមួយដើម្បីផ្អាកការធ្វើសមយុទ្ធយោធាថែមទៀតណាមួយ ជាមួយកូរ៉េខាងត្បូងនោះទេ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយលោក ម៉ាតទីស បាននិយាយថា ​យើងប្រកាន់យកនូវជំហាន ដើម្បីផ្អាកសមយុទ្ធដ៏ធំបំផុតជាច្រើនធ្វើជាវិធានការសុឆន្ទៈមួយ ដែលកើតចេញមកពីកិច្ចប្រជុំកំពូលនៅ សិង្ហបុរី ។

លោកបាននិយាយថា នៅពេលនេះយើងគ្មានផែនការណាមួយ ដើម្បីផ្អាកការធ្វើសមយុទ្ធថែមទៀតណាមួយទេ ដោយលោកនិយាយបន្ថែមថា គ្មានការសម្រេចចិត្តណាមួយនៅឡើយទេ ស្តីពីការធ្វើសមយុទ្ធយ៉ាងសំខាន់សម្រាប់ឆ្នាំខាងមុខ ។

លោកបាននិយាយថា ក្រុងវ៉ាស៊ីងតោន មិនបានធ្វើការសម្រេចចិត្ត ស្តីពីថាតើនឹងបន្តការផ្អាកការ ធ្វើសមយុទ្ធយ៉ាងសំខាន់ជាមួយកូរ៉េខាងត្បូងសម្រាប់ឆ្នាំខាងមុខនេះ ឬយ៉ាងណានោះទេ ។
លោក ម៉ាតទីស បាននិយាយថា ​យើងនឹងរង់ចាំមើលថាតើ កិច្ចចរចានានានឹងប្រព្រឹត្តិទៅយ៉ាងម៉េច ហើយបន្ទាប់មកយើងនឹងពិចារណាទៅអនាគតថា តើយើងនឹងដំណើរការទៅមុខតាមរបៀបណានោះ។

មន្ទីរប៉ង់តាហ្គោនបាននិយាយពីថ្ងៃទី ២២ ខែមិថុនាថា ខ្លួនបានផ្អាកដោយគ្មានកំណត់កម្មវិធីសមយុទ្ធយោធា ២ ជាមួយកូរ៉េខាងត្បូងដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )