ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទីក្រុងហូជីមិញ និងនូវែលហ្សេឡង់ជំរុញវិស័យពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — អគ្គលេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានសម្តែងនូវគោលបំណងរបស់លោក ដែលចង់ឱ្យប្រទេសនូវែលហ្សេឡង់ (NZ) បង្កភាពងាយស្រួលដល់ទំនិញវៀតណាម រួមទាំងទំនិញដែលនាំចូលពីទីក្រុងហូជីមិញទៅក្នុងទីផ្សាររបស់ប្រទេសនោះផងដែរ។

នៅក្នុងឱកាសនៃពិធីទទួលស្វាគមន៍នៅទីក្រុងហូជីមិញកាលពីថ្ងៃទី ២៨ ខែសីហា សម្រាប់លោក Damien O’Connor រដ្ឋមន្រ្តីក្រសួងកសិកម្ម ជីវៈសុវត្ថិភាព សុវត្ថិភាពចំណីអាហារ និងសហគមន៍ជនបទ នឹងជារដ្ឋមន្រ្តីទទួលបន្ទុកកំណើនពាណិជ្ជកម្ម និងការនាំចេញ លោក Nhan បានសង្កត់ធ្ងន់អំពីកិច្ចអភិវឌ្ឍន៍ភាពជាដៃគូដ៏ទូលំទូលាយរវាងវៀតណាម និងនូវែលហ្សេឡង់នៅក្នុងគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំកម្រិតខ្ពស់ជាទៀងទាត់។ គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបង្កើតនូវកម្លាំងជំរុញមួយ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។

លោកបាននិយាយថា ទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងនូវែលហ្សេឡង់ កំពុងមានភាពរីកចម្រើននៅក្នុងផ្នែកមួយចំនួន ដូចជាជំនួយរបស់រដ្ឋាភិបាលនូវែលហ្សេឡង់ដើម្បីបណ្តុះបណ្តាលបុគ្គលិកផ្នែកសុវត្ថិភាពចំណីអាហារជាដើម។

យោងតាមលោក Nhan បានឱ្យដឹងថា ទីក្រុងហូជីមិញកំពុងផ្តល់អាទិភាពដល់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដូច្នេះវាជាឱកាសក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងការផ្ទេរបច្ចេកវិទ្យារវាងភាគីទាំងពីរ។
លោក O’Connor បាននិយាយថា ប្រទេសវៀតណាម ជាពិសេសទីក្រុងហូជីមិញ មានសក្តានុពលក្នុងកិច្ចអភិវឌ្ឍន៍វិស័យកសិកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់ និងការនាំចេញ។

លោកជឿជាក់ថា ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អនេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងទូលំទូលាយ ព្រមទាំងភាពរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នឹងបើកចំហទីផ្សារបន្ថែមទៀតសម្រាប់ទំនិញវៀតណាម និងនូវែលហ្សេឡង់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)