ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ នាយករដ្ឋមន្រ្តីសុំឲ្យវិទ្យុ ទូរទស្សន៍ និងបណ្តាញសារព័ត៌មានទាំងអស់ យកលិខិតរបស់ទណ្ឌិតដែលបានស្នើសុំលើកលែងទោសមកសម្តេច ធ្វើការផ្សព្វផ្សាយ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបបងប្អូនកម្មករនិយោជិតចំនួនជិតចំនួន១៤.៨០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ។

សម្តេចតេជោ បន្តថា សម្តេចចង់ឲ្យមានការផ្សព្វផ្សាយលិខិតនេះ ព្រោះដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ពិសេស មជ្ឈដ្ឋានអន្តរជាតិ បានដឹងថា ការដោះលែងអ្នកទោសទាំងអស់នេះ មិនមែនមកពី ការដាក់សម្ពាធពីបរទេសនោះទេ។សម្តេចតេជោ បន្ថែមថា ទណ្ឌិតដែលសម្តេចបានស្នើទៅ ព្រះមហាក្សត្រ ដើម្បីលើកលែងទោស មិនត្រូវសងសំណងនោះទេ។សម្តេចតេជោ បញ្ជាក់ថា ហើយការលើកលែងទោសនេះ ក៏ជាហេតុផលមួយសំរួលឲ្យបងប្អូន មានសេរីភាព បានស្ថិតនៅក្នុងបរិយាកាសសាមគ្គីភាព នៅក្នុងចំណោមជាតិសាសន៍របស់ យើង។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ទណ្ឌិតចំនួន១៤នាក់ដែលជា អតីតសមាជិកគណបក្សប្រឆាំងត្រូវបានដោះលែង បន្ទាប់ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឱ្យលើកលែងទោស ក្រោយពីមានសំណើពីសម្តេចតេជោ នាយករដ្ឋមន្រ្តី។