ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្តព្រះវិហារ ជួបសំណេះសំណាល និងចែកអំណោយដល់ជនពិការ

AKP ព្រះវិហារ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ –ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញចែកអំណោយដល់បងប្អូនជនពិការចំនួន ៤០នាក់ ក្នុងនោះចែករទេះរុញដល់ជនពិការចំនួន១០នាក់ នៅក្នុងមជ្ឈមណ្ឌលសមាគមតម្បាញសូត្រកម្ពុជាស្ថិតនៅ ភូមិគោគ បេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨  ដោយមានការចូលរួមពីតំណាងអង្គការ AAR Japan និង AEON 1% Club Foundation មូលនិធិជនពិការកម្ពុជា មន្ទីរសង្គមកិច្ចខេត្តព្រះវិហារ ប្រធានសាខាមូលនិធិខេត្តព្រះវិហារ និងប្រធានមណ្ឌលស្តារខេត្តព្រះវិហារ  ផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក វិស័យពិការភាព ជាវិស័យអាទិភាពមួយ ដោយបានបង្កើតច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិ ហើយកម្ពុជាបានប្រារព្ធធ្វើពិធីប្រកាសជាផ្លូវការនូវការប្តេជ្ញាចិត្តអនុវត្តន៍អនុសញ្ញា ស្តីពីសិទ្ធិ ជនពិការរបស់អង្គការសហប្រជាជាតិផងដែរ។ លើសពីនេះទៀតរាជរដ្ឋាភិបាល ក៏មានគោលការណ៍ឱ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ទទួលយកជនពិការឱ្យចូលបម្រើការងារ ក្នុងអត្រា ២ភាគរយ និងស្ថាប័នឯកជន ១ភាគរយធៀបនឹងចំនួនបុគ្គលិកសរុប ហើយប្រសិនបើក្រសួង ស្ថាប័នណា មិនមានលទ្ធភាពជ្រើសរើសជនពិការឱ្យ ចូលបម្រើការងារគ្រប់តាមលក្ខខណ្ឌកំណត់ទេ ក្រសួង ស្ថាប័ននោះត្រូវ បង់វិភាគជូនរដ្ឋតាម អត្រាកំណត់។

ឯកឧត្តម​ ​ក៏​បាន​សំ​ណូម​ពរ​ឱ្យ​អង្គ​ការមូលនិធិជនពិការកម្ពុជា បន្ត​ចូល​រួម​សហ​ការ​ក្នុង​ការ​អភិ​វឌ្ឍ​វិ​ស័យស្តារ​លទ្ធ​ភាព​ពល​កម្ម ​កាយ​សម្បទា​នេះ​បន្ត​ទៀត និង​បានផ្តល់​​អនុ​សាសន៍​ដល់​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធ​ភាព​ពល​កម្ម​កាយ​សម្ប​ទា ខេត្ត​ព្រះ​វិហារ ឱ្យ​ខិត​ខំ​ស្រាវ​ជ្រាវ​ស្វែង​រក​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត ជា​ពិសេស​ឧប​ករណ៍​អវយវៈ​សិប្ប​និម្មិត ដែល​មាន​លក្ខណៈ​ទំ​នើប​កម្ម ដើម្បី​បំ​ពេញ​តម្រូវ​ការ​របស់​បង​ប្អូន​ជន​ពិការ​យើង​ដែល​មក​ទទួល​សេវា​ស្តារ​លទ្ធ​ភាពពល​កម្ម​កាយ​សម្បទានៅក្នុងខេត្ត​ព្រះ​វិហារយើង​នេះ ។

     នៅ​ក្នុង​ឱកាស​ នេះ​ផង​ដែរ ឯកឧត្តម​ ក៏​បាន​ឧបត្ថម្ភ​ដល់បងប្អូនជនពិការចំនួន៤០នាក់ ដែលក្នុងម្នាក់ៗទទួលថវិកា ១០ម៉ឺនរៀល អង្ក២៥គីឡូក្រាមត្រីខ ២យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ អំបិល២គីឡូក្រាម មី១កេស ផង​ដែរ

ដោយទិត ស៊្រ