ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា៖ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ និងតាមដានជាប្រចាំដើម្បីឱ្យការងារមានប្រសិទ្ធភាព និងប្រសិទ្ធផល

(កំពង់ឆ្នាំង)៖ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូចនេះ នៅព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំ ចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ខណៈឯកឧត្តមអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្ដាប់របាយការណយ៍បថមស្ដីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ឯកឧត្តមក៏បានបន្ដទៀតថា៖ ប្រសិនបើ អាជ្ញាធរពាក់ព័ន្ធទាំងអស់គ្នា មិនបានរៀបចំគម្រោងផែនការច្បាស់លាស់ និងតាមដានព័ត៌មានជាប្រចាំទេ នោះបញ្ហាប្រឈមគឺពិបាកក្នុងការរៀបផែនការត្រៀមបង្ការ និងផែនការត្រៀមបម្រុងដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា យើងត្រូវដឹងឱ្យបានច្បាស់ពីចំនួនគ្រួសារ ចំនួនមនុស្ស និងប៉ុន្មានគ្រួសារ និងមនុស្សដែលត្រូវបានជន្លៀស? តើជន្លៀសទៅទីទួលសុវត្ថិភាពណា? ព្រោះគោលដៅ គឺត្រូវដោះស្រាយគ្រួសារដែលត្រូវបានជន្លៀស។ដោយឡែក គ្រួសារដែលរងផលប៉ះពាល់បន្ដិចបន្ដួច ដែលមិនឈានទៅដល់ការជន្លៀសនោះ ក៏ត្រូវត្រួតពិនិត្យមើលជាប្រចាំដែរ។

ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមហ៊ី ណាត អភិបាលរងខេត្ត លោកអ៊ុន សុផលនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុកទាំងប្រាំបី មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាល សាខាកាកបាទក្រហម និងមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តសរុប២៤នាក់ ស្រី១នាក់។

ជាមួយគ្នានោះដែរ អភិបាលក្រុង ស្រុកទាំងប្រាំបី ក៏បានរាយការណ៍ពីទិដ្ឋភាពនៃផលប៉ះពាល់នានាដែលមានដូចជា ផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ ដំណាំកសិកម្ម និងផលប៉ះពាល់ហេដ្ឋារចនាម្ពន្ធផងដែរ។ ផ្អែកលើលទ្ធផលនៃរបាយការណ៍នោះ បានឱ្យដឹងថា៖ក្រុង ស្រុកដែលរងផលប៉ះពាល់ខ្លាំងរួមមាន ស្រុកកំពង់លែង មាន៤ឃុំ និង១១ភូមិ គ្រួសារដែលជន្លៀស១០៩គ្រួសារ មានចំនួន៤៩៥នាក់ ស្រី២១៩នាក់ និងស្រុករលាប្អៀរ គឺឃុំទឹហួត ជន្លៀស៣០គ្រួសារ រីឯហេដ្ឋារចនាសម្ព័ន្ធដូចផ្លូវថ្នល់ពុំមានផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរនោះទេ។

បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ផែនការចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរងប៉ះពាល់ធ្ងន់ធ្ងរដូចដែលបានរាយការណ៍ និងស្នើមន្ទីរអង្គភាពជំនាញ ដែលមានវត្តមានប្រជុំនាថ្ងៃនេះ សូមពិនិត្យលទ្ធភាពនៅក្នុងអង្គភាពរបស់ខ្លួនដើម្បីត្រៀមឆ្លើយតបគ្រោះអាសន្ន ដើម្បីធានាថាការត្រៀមបង្ការឆ្លើយតបនេះមានប្រសិទ្ធភាព និងសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។