ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សិក្ខាសាលាស្តីពី ការជំរុញអនុវត្តន៍គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា

AKP កំពត ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តកំពត បានបើកសិក្ខា សាលាស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា “ប្រជាជនវ័យចាស់នៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។

នៅក្នុងសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរស្ថាប័ន ជំនាញជាច្រើនរូប ដែលមកពីបណ្តាខេត្តចំនួន៧ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពតមានផ្ទៃដីសរុប៤.៨៧៣គីឡូម៉ែត្រការ៉េ បែងចែកជា៧ស្រុក-១ក្រុង មានចំនួន៨៨ឃុំ និង៥សង្កាត់ និងភូមិចំនួន៤៨៨ភូមិ ដោយខេត្តកំពតជាខេត្តមួយ មានលក្ខណៈអំណោយផលពីធម្មជាតិ​ សម្រាប់ការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្មនិងទេសចរណ៍។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្រេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំ ប្រកបដោយសុខសន្តិភាព​ ស្ថិរភាពនយោបាយជូនប្រជាជនទូទាំងប្រទេស។ ជារួមសម្រាប់ ខេត្តកំពតការ ការពារសណ្តាប់ធ្នាប់សាធារណៈត្រូវបានបម្រើ កាន់តែប្រសើរឡើង ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ក្រោមដំបូលសន្តិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន បានលើកឡើងថា “ប្រជាជន គឺជាមធ្យោបាយនៃការអភិវឌ្ឍផង ជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង” និងឈរលើ ទស្សនៈបរិយាប័ន្នស្ថានភាពសង្គមសេដ្ឋកិច្ចដែលកំពុងរីកចម្រើន គោលនយោបាយជាតិ ប្រជាជនឆ្នាំ២០០៣ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ជាគោលនយោបាយជាតិប្រជាជន​ ២០១៦-២០៣០ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលសង្គម-សេដ្ឋកិច្ច និងសង្គម-ប្រជាសាស្ត្រដែល កម្ពុជាបាននិងកំពុងឆ្លងកាត់ និងដើម្បីឆ្លើយតបនឹងភាពចាំបាច់ក្នុងដាក់ការបញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការអភិវឌ្ឃន៍ សំដៅធានាបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចមានសន្ទុះលឿនជាងមុន និងប្រកប ដោយចីរភាព ដែលជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវ គុណភាពជីវិតរបស់ប្រជាជនផងដែរ៕  

ដោយ ប្រាក់ លាង