ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុនដ៏ធំរបស់កូរ៉ចាប់អារម្មណ៍ការវិនិយោគរោងចក្រផលិតចំណីសត្វ និងកសិដ្ឋានចិញ្ចឹមមាន់នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

មន្ត្រីសា្ថនទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានអះអាងថា ឯកឧត្តមឯកអគ្គរាជទូត និងទីប្រឹក្សាពាណិជ្ជកម្ម អមស្ថានទូតនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នេះ បានអញ្ជើញធ្វើទស្សនកិច្ចនៅរោងចក្រកែច្នៃសាច់មាន់មួយកន្លែងនៅទីក្រុងណាំយ៉ាងជូ របស់ក្រុមហ៊ុន ACE Food Co.,Ltd. ដែលមានសមត្ថភាពកែច្នៃមាន់បានចំនួន ១២.០០០ក្បាលក្នុងមួយថ្ងៃ ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងតម្រូវការទីផ្សារសាច់មាន់របស់កូរ៉េ។

ក្នុងជំនួបពិភាក្សាជាមួយនឹងលោក Yoon, Jun-hyun ប្រធានក្រុមហ៊ុន ACE Food Co.,Ltd. ឯកឧត្តមឯកអគ្គរាជទូតបានបង្ហាញពីសក្ដានុពលរបស់កម្ពុជាដែលរាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ជាពិសេសកម្ពុជាសម្បូរវត្ថុធាតុដើមសម្រាប់ធ្វើការផលិតជាចំណីសត្វ ដែលមានតម្លៃថោកប្រៀបធៀបនឹងប្រទេសជិតខាង រួមជាមួយនឹងថ្លៃកម្លាំងពលកម្មសមរម្យផងដែរ។

ជាការឆ្លើយតបលោក Yoon ថាលោកពិតមានចំណាប់អារម្មណ៍ជាមួយនឹងឱកាសវិនិយោគនៅកម្ពុជា រួមនឹងសក្តានុពលទីផ្សារដែលកម្ពុជាមាន លោកថានឹងធ្វើការសិក្សាបន្ថែមឱ្យបានស៊ីជម្រៅ ដោយលោកនឹងត្រូវចុះទៅសិក្សា និងពិនិត្យជាក់ស្ដែងនៅពេលខាងមុខ។

បច្ចុប្បន្ននេះប្រជាជនកូរ៉េបាននឹងកំពុងប្រើប្រាស់សាច់មាន់ប្រមាណ ៤លានក្បាលក្នុងមួយថ្ងៃ ដែលគិតជាមធ្យម មនុស្សម្នាក់ទទួលទានសាច់មាន់ប្រមាណ ១៥kg ក្នុងមួយឆ្នាំ។

ហើយកូរ៉េបច្ចុប្បន្នបាននាំយកសាច់មាន់៣០ភាគរយនៃតម្រូវការប្រើប្រាស់ក្នុងស្រុករបស់ខ្លូនពីបរទេសរួមមាន៖ ប្រេស៊ីល និងអាមេរិក ជាដើម។