ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ ជំងឺចំនួន៤ប្រភេទ បណ្ដាលឱ្យការស្លាប់ជាងពាក់កណ្ដាលក្នុង ចំណោមការស្លាប់ទាំងអស់នៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានលើកឡើងថា ជំងឺចំនួន៤ប្រភេទ រួមមាន ជំងឺបេះដូងសរសៃ ឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃគឺជាមូលហេតុនៃការស្លាប់ជាងពាក់ កណ្ដាល ក្នុងចំណោមការស្លាប់ទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពពហុវិស័យ ជាតិស្ដីពី ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង២០១៨២០២៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកើន ឡើងនៃជំងឺបេះដូង សរសៃឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ហើយជំងឺទាំងនេះ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងថែមទៀត ដោយសារតែផលវិបាក បណ្ដាមកពីឥរិយាបថ របៀបរបបរស់នៅ និងបរិស្ថានដែលកំពុងតែមានការប្រែប្រួល។

ឯកឧត្តមបានបញ្ជាក់ថា ជំងឺមិនឆ្លង ជាជំងឺរ៉ាំរ៉ៃបណ្ដាលឱ្យមានពិការភាព បាត់បង់ពលកម្ម និង កំពុងតែគំរាមកំហែងដល់ភាពក្រីក្រកាន់តែខ្លាំង និងមានការខាតបង់សេដ្ឋកិច្ចជាតិ យ៉ាងច្រើនថែមទៀត។ ឯកឧត្តមបានលើកជាវិធានការសម្រាប់ការពារ និងការប្រយុទ្ធជំងឺ មិនឆ្លង ដ៏មានប្រសិទ្ធភាព ដែលត្រូវអនុវត្តន៍នោះ គឺត្រូវតែដោះស្រាយកត្តាប្រឈមចំនួន៤ ដែលទាក់ ទងនឹងការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ របបអាហារ ដែលគ្មានសុវត្ដិភាព និងកង្វះកាយវប្បកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរីករាលដាលនៃជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា មិន អាចដោះស្រាយបានដោយក្រសួងសុខាភិបាលតែមួយនោះទេ ពីព្រោះមានមូលហេតុចម្បង ជាច្រើន និងកត្តាកំណត់សុខភាពនៃជំងឺមិនឆ្លងស្ថិតនៅក្រៅវិស័យសុខាភិបាល ដូចជាកត្តា ចំណីអាហារ និងបរិស្ថានដែលយើងរស់នៅ។

ឯកឧត្តមរដ្ឋមន្រ្ដីបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមឆ្លើយតបទៅ នឹង ភាពប្រឈមថ្មី ដែលកើតឡើងដោយសារជំងឺមិនឆ្លង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈកាត់បន្ថយការឆ្លងជំងឺ ជាពិសេសជំងឺមិនឆ្លង។

ឯកឧត្តមបានបន្ថែមទៀតថា តាមរយៈផែនការសកម្មភាពពហុវិស័យជាតិ ដែលបានរួម ចំណែកកសាង និងកែលម្អ ក្នុងពេលកន្លងមក រហូតបានសម្រេចបានរួចរាល់ហើយ នៅពេល នេះ គឺជាសមិទ្ធផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះវាជាតម្រូវការដ៏ចាំបាច់សម្រាប់ កាត់បន្ថយ និងទប់ស្កាត់ចំពោះបញ្ហាប្រឈម ដែលកំពុងតែកើនឡើងនៃជំងឺមិនឆ្លង៕

ដោយ អ៊ុន រិទ្ធី