ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងព័ត៌មាន ប្រជុំពិនិត្យ និងសម្រេចចុងក្រោយលើចំណុចសំខាន់ៗ នៃច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មុននឹងដាក់ពិភាក្សាអន្ដរក្រសួង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ដើម្បីពន្លឿនដំណើរការងារឈានទៅប្រជុំអន្តរក្រសួងនាពេលខាងមុខនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការប្រជុំជាមួយគណៈកម្មការសិក្សាស្រាវជ្រាវ និង រៀបចំតាក់តែងសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន ក្នុងការពិនិត្យសម្រេចចុងក្រោយលើ ចំណុចសំខាន់ៗនៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានទាំងភាសាខ្មែរ និង អង់គ្លេស។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យសម្រេចចុងក្រោយ ដើម្បីឯកភាពគ្នាលើភាសាខ្មែរ និងអង់ គ្លេស សម្រាប់សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ការជួបប្រជុំគ្នានាពេលនេះ គឺដើម្បីធ្វើការសម្រេចឯកភាពគ្នាទាំងស្រុងក្នុងការបញ្ចប់ ទាំង ភាសាខ្មែរ និងភាសាអង់គ្លេសនៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បន្ទាប់ពីប្រជុំ ពិភាក្សាគ្នារួចរាល់ក្នុងក្រុមការងារបច្ចេកទេសរៀបចំតាក់តែងសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន ជាមួយអង្គការយូណេស្កូ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ ច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាននេះ នឹងត្រូវឆ្លងទៅធ្វើការប្រជុំជាលក្ខណៈអន្តរក្រសួង ព្រោះច្បាប់នេះ មានជាប់ពាក់ព័ន្ធគ្រប់ស្ថាប័នរដ្ឋទាំងអស់។

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៤ ក្រសួងព័ត៌មាន កម្ពុជាសហការជា មួយស្ថានទូតនៃស្ថានទូតប្រទេសស៊ុយអែតប្រចាំកម្ពុជា និងអង្គការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំនៃអង្គការសហប្រជាជាតិ(UNESCO)បានចុះអនុស្សរណៈយោគយល់គ្នាដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន សម្រាប់ប្រទេសកម្ពុជា ដើម្បីឱ្យស្របតាម ស្តង់ដារអន្តរជាតិ។ បន្ទាប់ពីមានការចុះហត្ថលេខារួចមក ភាគីទាំងពីរក៏បានបង្កើតជាក្រុមការ ងារបច្ចេកទេសមួយដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលក្នុងការតាក់តែងសេចក្តីព្រាងច្បាប់នេះ ហើយក្រសួងព័ត៌មានជាអ្នកធ្វើសេចក្ដីពង្រាងច្បាប់។

ជាមួយគ្នានេះ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ក្រុមការងារបច្ចេកទេសបានធ្វើការ ពិភាក្សាការពិនិត្យកែសម្រួលនូវរាល់ខ្លឹមសារ ទិដ្ឋភាពច្បាប់ផ្សេងៗ បានបញ្ចប់រួចរាល់ អស់ហើយ។ ចំពោះច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះគឺមានចំនួន៩ជំពូក និង៣៦មាត្រា ហើយការរៀបចំបង្កើតច្បាប់នេះឡើងក្នុងគោលបំណងធានាឱ្យសារណជនគ្រប់រូបទទួលបាននូវសិទ្ធិនិងសេរីភាពក្នុងការទទួលព័ត៌មាន។ ច្បាប់នេះ បានចែងពីភារកិច្ចដែលស្ថាប័ន សាធារណៈនានា​ត្រូវផ្តល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈដោយអនុលោម តាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន