ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជំរុញឱ្យសហគ្រាសធនតួចនិងមធ្យមពង្រឹងគុណភាពផលិតផល

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា បច្ចុប្បន្ននេះ សហគ្រាសធនតួច និងមធ្យម ដែលបានដាក់ពាក្យប្រឡងកម្ម វិធី«ស៥»នៅមាន ចំនួនតិចនៅឡើយ ដូច្នេះលោកសូមជំរុញឱ្យសហគ្រាសធនតួច និងមធ្យមពង្រឹងគុណភាព ផលិតផល ដើម្បីប្រគួតប្រជែងទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅទីផ្សារ អន្តរជាតិឱ្យកាន់តែច្រើន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីពាន់រង្វាន់”ស៥” ប្រចាំឆ្នាំ២០១៨ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខា​​ធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា គ្រប់សហ គ្រាសធនតួច និងមធ្យម​ទាំងអស់ត្រូវគោរពតាមគោលការណ៍«ស៥»ដែលចេញ ដោយក្រសួង ឧស្សហកម្ម និងសិប្បកម្ម  គឺសម្រិតសម្រាំង  សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ។

ឯកឧត្តមជំរុញឱ្យសហគ្រាសធនតួច និងម​ធ្យមទាំងអស់គួរតែចូលរួមប្រកួត ប្រជែងកម្មវិធីនេះ ដើម្បី​ទទួលបានអត្ថប្រយោជន៍សម្រាប់សហគ្រាសរបស់ខ្លួន តាមរយៈការ ជឿជាក់ពីអតិថិជន ព្រោះកាលណាអនុវត្តន៍កម្មវិធី«ស៥»នេះ មន្ត្រីជំនាញនិងជួយណែនាំ ឱ្យមានការផលិតឱ្យ​​កាន់តែមានគុណភាពឆ្លើយតបទៅ និងតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជួយសម្រួលនីតិវិធី បច្ចេក​ទេសនាំចេញដល់ផលិតផលខ្មែរណា ដែលមានគុណភាព គោរពបានតាមស្តង់ដារជាតិ និងអន្តរជាតិ។

លោក លាង ឡេង ម្ចាស់សហគ្រាស លាង ឡេង ដែលទទួលបានជ័យ លាភី «ស៥»ពីក្រសួងឧស្សហកម្ម សិប្បកម្ម បានគាំទ្រដល់ការជំរុញសហគ្រាសធនតួច និងមធ្យម ពង្រឹងគុណភាពផលិតផលដោយអនុវត្តន៍តាមគោលការណ៍«ស៥»នេះ ព្រោះថាវាជា គោលការណ៍​គ្រឹះនាំឱ្យផលិតផលខ្មែរមានគុណខ្ពស់ទទួសស្គាល់ពីស្ថាប័នស្តង់ដារអន្តរជាតិ។

លោកបន្តថា ផលិតផលទឹកត្រី ទឹកស៊ីអ៊ីវ លាង ឡេង សញ្ញារូបត្រីកញ្ចាញ់ច្រាស របស់លោកមានទីផ្សារខ្ពស់ទាំងក្នុងស្រុក និងនៅប្រទេសកូរ៉េខាងត្បូង ហើយថ្មីៗមកនេះអ្នក វិនិយោគនៅសហរដ្ឋអាម៉េរិកបានមកសិក្សាពីគុណភាពផលិតផលទឹកត្រី ទឹកស៊ីអ៊ីវ លាងឡេង រូបត្រីកញ្ចាញ់​ច្រាស់រួចរាល់ហើយដែរ ដើម្បីនាំយកទៅលក់នៅ សហរដ្ឋអាម៉េរិកនាពេលខាងមុខឆាប់​​ៗ​​នេះ។

តាមរបាយការណ៍របស់ក្រសួងផែនការបានឱ្យដឹងថា នៅទូទាំងប្រទេសមានសហគ្រាស​ធនតួច និងមធ្យមប្រមាណជាង ៥០ម៉ឺនសហគ្រាសនៅតាមវិស័យជាច្រើន ប៉ុន្តែសហ គ្រាសធនតួច និងមធ្យម ដែលបានដាក់ពាក្យប្រឡង កម្មវិធី«ស៥»នេះនៅមាន ចំនួនតិចនៅឡើយ៕

ដោយ ប៉ាល់ សុង