ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គម្រោងប្រព័ន្ធកំពង់ផែEDI ដែលមានតម្លៃ១៤លានដុល្លារអាមេរិក នឹងដាក់ឱ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ខាងមុខ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖

លោកបណ្ឌិត Masahiko FURUICHI ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូន នៃប្រទេសជប៉ុន បានឲ្យដឹងថា គម្រោងប្រព័ន្ធកំពង់ផែEDI ដែលមាន តម្លៃ១៤លានដុល្លារអាមេរិក នឹងដាក់ឱ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ខាងមុខ ហើយការសិក្សាលើ របាយការណ៍ចុងក្រោយ នឹងត្រូវរៀបចំឡើងដោយមានធាតុចូលពីក្រសួងសាធារណការ និងដឹកជញ្ជូនអង្គការJICA និងភាគីពាក់ព័ន្ធនានាផងដែរ។

ការបញ្ជាក់របស់លោក ធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារបេសកកម្មរបស់អង្គការJICAជួប ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែសីហា នៅទីស្តីការក្រសួង ដើម្បីពិភាក្សាការងារអំពីប្រព័ន្ធកំពង់ផែEDI (Electronic Data Intercharge)។ក្នុងឱកាសនោះ លោក ក៏បានបង្ហាញអំពីវឌ្ឍនភាព និងផែនការសម្រាប់ គម្រោង “ស្ទង់មតិលើប្លង់រចនាគោលទាក់ទងនឹងកិច្ចព្រមព្រៀងជំនួយឥតសំណងសម្រាប់ប្រព័ន្ធកំពង់ផែEDI” ដែលគាំទ្រដោយអង្គការJICA ។ ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការJICAលើគំនិតផ្តួចផ្តើមស្តីពីប្រព័ន្ធកំពង់ផែEDIនេះ។

ឯកឧត្តម បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបេសកកម្មសហការថែមទៀតជាមួយក្រសួង កំពង់ផែស្វយ័តក្រុង ភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នាក់ងារនាវាចរកម្ពុជា (កាំសាប) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។ឯកឧត្តម ក៏បានសំណូមពរបន្ថែមឱ្យក្រុមការងារបេសកកម្មរបស់អង្គការJICA សម្របសម្រួលការងាររបស់ខ្លួនជាមួយនាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រសួង ដើម្បីផ្តល់ធាតុចូល បន្ថែមទៀតដោយធានាថា គម្រោងនេះនឹងនៅតែដំណើរការតាមការគ្រោងទុក។ឯកឧត្តម បានស្នើឱ្យអង្គការJICA ផ្តល់ការគាំទ្រលើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង ដល់ការកកស្ទះចរាចរណ៍(ចំណុចកដប)នៅផ្លូវជាតិលេខ១ ដោយការពង្រីកផ្លូវនៅក្នុងតំបន់សំខាន់ៗ មួយចំនួនព្រមទាំងផ្តល់ការគាំទ្រសម្រាប់គម្រោងស្ពានអាកាសនៅតំបន់ស្ទឹងបត់ដើម្បីភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥។

ជាការឆ្លើយតប ក្រុមការងាររបស់អង្គការJICA បានទទួលយក សំណើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយនឹងផ្តល់ ព័ត៌មានត្រឡប់មកវិញទាក់ទងនឹងសំណើទាំងនេះ។