ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វាយប្រហារពីអាកាសសម្លាប់ពួកសកម្មប្រយុទ្ធតាលីបង់៥៤នាក់ នៅអាហ្វហ្កានីស្ថានខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — អ្នកនាំពាក្យយោធាក្នុងតំបន់ភាគខាងជើង លោក ម៉ូហាម៉ាដ ហានីហ្វរ៉េហ្សៃ បាននិយាយថា ពួកសកម្មប្រយុទ្ធរហូតដល់៥៤នាក់ស្លាប់ និងរាប់សឹបនាក់ទៀតរងរបួស នៅពេលដែលយន្តហោះប្រយុទ្ធបានវាយប្រហារទីតាំងពួកតាលីបង់នៅក្នុងខេត្តហ្វាយ៉ាប់ ប្រទេសអាហ្វហ្កានីស្ថានភាគខាងជើង កាលពីថ្ងៃចន្ទនេះ ។

លោក រ៉េហ្សៃ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ពួកសកម្មប្រយុទ្ធតាលីបង់មួយក្រុមបានរាំងខ្ទប់ផ្លូវមួយ ដែលភ្ជាប់ធានីខេត្តម៉ៃម៉ាណា ទៅកាន់ស្រុកហ្គោម៉ាច់ នៅពេលថ្ងៃត្រង់ ដើម្បីវាយប្រហារក្បួនរថយន្តយោធាប៉ុន្តែកងកម្លាំងរដ្ឋាភិបាល នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីបំបែកពួកសកម្មប្រយុទ្ធនោះ បានធ្វើការវាយប្រហារដោយយន្តហោះជាបន្តបន្ទាប់ ដែលជាលទ្ធផលពួកសកម្មប្រយុទ្ធ៥៤នាក់បានស្លាប់ និងរាប់សឹបនាក់ទៀតរបួស ។

មន្ត្រីនោះបាននិយាយបន្ថែមថា មេបញ្ជាការជាន់ខ្ពស់តាលីបង់២នាក់ គឺលោក មូល ឡា សាវ៉ាលី ( Mullah Shah wali ) និងលោក មូលឡា កាយូម ( Mullah Qayum ) ក៏បានស្លិតនៅក្នុងចំណោមពួកសកម្ម ប្រយុទ្ធដែលបានស្លាប់នៅក្នុងការវាយប្រហារនេះផងដែរ ។

តាមមន្ត្រីនោះឱ្យដឹងថា ប្រតិបត្តិការនៅលើដីដែលគាំទ្រដោយយន្តហោះកំពុងបន្តទៅទៀត នៅក្នុង តំបន់នោះ ។
ពួកសកម្មប្រយុទ្ធតាលីបង់មិនបានធ្វើអត្ថាធិប្បាយទេ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )