ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណបក្សកាន់អំណាចរបស់វៀតណាម និងហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី២៧ ខែសីហា សមាជិកការិយាល័យនយោបាយ នឹងជាសមាជិកឈរឈ្មោះរបស់លេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (CPV) លោក Tran Quoc Vuong បានជួបប្រជុំជាមួយគណៈប្រតិភូនៃគណបក្សប្រជាធិបតេយ្យហ្វីលីពីន (PDP-Laban) ដឹកនាំដោយអនុប្រធានលោក Alfonso Gaba Cusi នៅទីក្រុងហាណូយ។

នៅក្នុងកិច្ចប្រជុំនេះ លោក Vuong បានសរសើរចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ PDP-Laban ដោយបានចាត់ទុកថា វាជាសមិទ្ធផលដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចរបស់វៀតណាម និងហ្វីលីពីន។

លោកបានថ្លែងអំណរគុណចំពោះលទ្ធផលនៃកិច្ចចរចា និងកិច្ចប្រជុំរវាងគណៈប្រតិភូ និងភ្នាក់ងារដែលពាក់ព័ន្ធរបស់វៀតណាម ដោយបានលើកឡើងថា នាពេលអនាគត CPV និង PDP-Laban នឹងទទួលបានប្រសិទ្ធភាពក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងនានា ដែលអាចជួយពង្រឹងជំនឿទុកចិត្តនយោបាយ នឹងបង្កើតឱ្យមានការលើកទឹកចិត្តយ៉ាងរឹងមាំសម្រាប់កិច្ចអភិវឌ្ឍន៍ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀតណាម និងហ្វីលីពីន។

លោក Vuong និងលោក Cusi បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាម និងហ្វីលីពីន ដែលជាប្រទេសជិតខាងរបស់អាស៊ានដែលមានភាពស្រដៀងគ្នាជាច្រើន មានសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពខ្លាំងឡើង។

លោកទាំងពីរបាននិយាយថា ទាំងប្រទេសវៀតណាម និងហ្វីលីពីន គឺជាប្រជាជាតិដែលមានសន្តិភាព និងយុត្តិធម៌ ព្រមទាំងបានបន្តវិធានការដោយសន្តិវិធីក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ដែលហៅថា សមុទ្រហ្វីលីពីនខាងលិច ដោយហ្វីលីពីនឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)