ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

​ប្រទេសអៀរ៉ង់សុំឲ្យលុបចោលការដាក់ទណ្ឌកម្ម គ្មានសមហេតុផលរបស់អាមេរិក​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (២៧.០៨.១៨)

អៀរ៉ង់៖ ប្រទេសអៀរ៉ង់នៅថ្ងៃចន្ទនេះ បានសុំចៅក្រម របស់តុលាការអន្តរជាតិនៅទីក្រុងឡាអេឲ្យចេញបញ្ជា
លុបចោលជាបន្ទាន់នូវការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើប្រទេសខ្លួន ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ថា មន្រ្តីខុទ្ទកាល័យរបស់ប្រធានាធិបតីប្រទេសអៀរ៉ង់
បានថ្លែងក្នុងឱកាសដែលតុលាការអន្តរជាតិបានបើកសវនាការរបស់ខ្លួន ថា ទណ្ឌកម្មរបស់អាមេរិក
បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិនិងបានធ្វើឲ្យប្រជាពលរដ្ឋរាប់លាននាក់ធ្លាក់ទៅក្នុងភាពក្រីក្រ ។

ប្រទេសអៀរ៉ង់ក៏បានសុំចៅក្រមឲ្យស៊ើបរកថាប្រទេសអាមេរិក បានបំពានលើកាតព្វកិច្ចរបស់ខ្លួន
ដែលត្រូវធ្វើចំពោះប្រទេសអៀរ៉ង់ និងចេញបញ្ជាឲ្យអាមេរិកបញ្ឈប់ជាបន្ទាន់នូវទណ្ឌកម្មរបស់ខ្លួន ។

ប្រទេសអៀរ៉ង់ថែមទាំងសុំឲ្យតុលាការអន្តរជាតិដាក់បញ្ជាទៅអាមេរិក ឲ្យសងជំងឺចិត្តដល់ប្រទេសអៀរ៉ង់
ដោយសារតែអាមេរិកបានរំលោភលើកាតព្វកិច្ចដែលច្បាប់អន្តរជាតិតម្រូវឲ្យអាមេរិក ត្រូវអនុវត្ត
ចំពោះប្រទេសអៀរ៉ង់ ។​