ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សន្និសីទអន្តរជាតិស្តីពីកសិកម្មនិរន្តរភាពនៅប្រទេសកម្ពុជា

AKP សៀមរាប ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ –សន្និសីទអន្តរជាតិស្តីពីកសិកម្មនិរន្តរភាពនៅប្រទេសកម្ពុជា បានប្រារព្ធឡើងកាលពីថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារប៉ារ៉ាឌីអង្គរ ក្រុងសៀមរាបក្រោមអធិបតីភាព លោកបណ្ឌិត និត ប៊ុនឡាយ អគ្គនាយករងនៃ អគ្គនាយកដ្ឋានឧត្តមសិក្សា និងជាតំណាងក្រសួងអប់រំយុវជន និងកីឡា ហើយសន្និសីទនេះផ្តោតជាសំខាន់ទៅលើចំណេះដឹងបច្ចុប្បន្ន ការអនុវត្ត និងតម្រូវការអនាគត។

      សន្និសីទនេះប្រារព្ធឡើងក្រោម គម្រោងរួមគ្នារវាងសាកលវិទ្យាល័យ Girona នៃប្រទេសអេស្ប៉ា, University of Paul Sabatier Toulouse III នៃប្រទេសបារាំង, សាកលវិទ្យាល័យ Gent នៃប្រទេសបែលហ៊្សិ,សាកលវិទ្យាល័យ LAquila នៃប្រទេសអ៊ីតាលី, ព្រមទាំងសកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសកម្ពុជា រួមមាន សាកលវិទ្យាល័យបាត់ដំបង, បន្ទាយមានជ័យ, ស្វាយរៀង, និងសាកលវិទ្យាល័យ មានជ័យកំចាយមាខេត្តព្រៃវែង, ដែលមានសិក្ខាកាមសរុប៧២នាក់ចូលរួម  ។

លោកបណ្ឌិត និត ប៊ុនឡាយ បានមានប្រសាសន៍ថា អង្គសនិ្នសីទដែលនឹងប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរសៀមរាប ខាងមុខនេះ គឺជាការលើកទឹកចិត្តដល់និសិ្សត ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត និងអ្នកស្រាវជ្រាវ ក្នុងការបង្ហាញពីលទ្ធផលស្រាវ ជ្រាវរបស់ពួកគេ  ដែលទាក់ទងទៅនឹងកសិកម្មនិរន្តរភាពនៅកម្ពុជា ដែលពាក់ព័ន្ធទៅនឹងប្រធានបទ នៃចំណេះដឹងបច្ចុប្បន្នភាពកម្មវិធី និងតម្រូវការ អនាគត។ លោកបណ្ឌិតបានបន្ត ទៀតថា អង្គសន្និសីទនេះគឺជាផ្នែកមួយនៃគម្រោង UNICAM ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៦ ដើមី្បណែនាំនិងអនុវត្តន៍តាមស្តង់ដារសម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សា និងការកសាងសមត្ថភាពសិក្សា ដែលអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការរយៈពេលវែង និងអន្តរជាតិនៅក្នុងវិស័យកសិកម្មប្រកបដោយចីរភាព។

      លោកបណ្ឌិត និត ប៊ុនឡាយ បានឱ្យដឹងថា ជីវភាពរស់នៅ កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយផលិតកម្ម កសិកម្មជិត ៨០ភាគរយ នៃចំនួនប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ត្រូវបានចូលរួមដោយផ្ទាល់ ឬក៏ដោយប្រយោលក្នុងវិស័យកសិកម្ម។ លោកបណ្ឌិតក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងជាតិ អន្តរជាតិ ត្រូវយកចិត្តទុកដាក់ខ្ពស់និងបញ្ចេញឱ្យអស់នូវសមត្ថភាពរបស់ខ្លួន ក្នុងការធ្វើបទបង្ហាញ ទៅតាមសាកលវិទ្យាល័យនីមួយៗ ក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ដើមី្បឱ្យអង្គសន្និសីទទាំងមូលទទួលបាននូវគំនិត បទពិសោធន៍ល្អៗ ក្នុងការយកទៅអនុវត្តន៍នៅតាមសាកលវិទ្យាល័យរបស់ខ្លួនឱ្យទទួលបានលទ្ធផល និងប្រកបដោយជោគជ័យទៀតផង៕

ដោយហង្ស ​សៀក