ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងកសិកម្មបើកកិច្ចប្រជុំផ្ទៃក្នុងបន្ទាន់ ពាក់ពន្ធ័ទៅនឹងបញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេង គ្រី៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំផ្ទៃក្នុងបន្ទាន់មួយដោយផ្ដោតទៅលើគ្រោះធម្មជាតិដែលកើតឡើងដោយសារទឹកជំនន់និងគ្រោះរាំងស្ងួត។

ការបើកកិច្ចប្រជុំផ្ទៃក្នុងបន្ទាន់របស់ក្រសួងកសិកម្មនេះគឺបន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា។

កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុនរដ្ឋមន្រ្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនូវគោលបំណងសំខាន់ទី១-បូកសរុបផលប៉ះពាល់លើដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម ពិសេសដំណាំ ស្រូវ និងសត្វពាហនៈដែលត្រូវបានទទួលរងការខូចខាតដោយគ្រោះធម្មជាតិ (ទឹកជំនន់ និងរាំងស្ងួត) នៅតាមបណ្តាខេត្តដែលទទួលរងគ្រោះ ទី២-រៀបចំផែនការសកម្មភាពចុះអន្តរាគមន៍ជាបន្ទាន់តាមការចាំបាច់ ដើម្បីធ្វើការស្តារឡើងវិញនៃការខូចខាត ទី៣-សិក្សាពីតម្រូវការ ចំបាច់របស់ប្រជាកសិករ និងលទ្ធភាពនៃការផ្គត់ផ្គង់របស់ក្រសួងដូចជាស្រូវពូជ គ្រាប់ពូជដំណាំគ្រប់ប្រភេទ និងថ្នាំការពារជំងឺឆ្លងសត្វ និងទី៥- ការដាក់ចេញនូវវិធានការមួយចំនួនដែលត្រូវធ្វើ ដោយកាត់បន្ថយឲ្យបានជាអតិបរមាក្នុងការអង្គុយបក់ផ្សែង។

ឯកឧត្តម វេង សាខុនបានបញ្ជាអោយ អគ្គលេខាក្រសួង ត្រូវធ្វើការបូកសរុបរបាយការណ៍ជាបន្ទាន់ ដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដើម្បីពិនិត្យ រួចស្នើសុំវិធានការដោះស្រាយបញ្ហាជូនបងប្អូនប្រជាកសិករឲ្យបានទាន់ពេលវេលា ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ប្រធានមន្ទីរនៃខេត្តដែលទទួលរងផលប៉ះពាល់ទាំង១៦ខេត្ត លោកប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនទៀត៕