ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មការរៀបចំការបោះឆ្នោះខេត្តមណ្ឌលគិរី រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦

AKP មណ្ឌលគិរី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨  — គណៈកម្មការរៀបចំការបោះឆ្នោះខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុបការងារ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ចឹង សុចន្ថា អភិបាលរងខេត្ត និង លោក គិន ជាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោះខេត្ត ដោយមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ អង្គការសង្គមស៊ីវិល និងមន្រ្តីគណៈកម្មការរៀបចំការបោះឆ្នោះ ខេត្តមណ្ឌលគិរី សរុបប្រមាណជាង១០០នាក់។


តាមរបាយការណ៍លើកឡើងរបស់ លោក គិន ជាន ប្រធានគណៈកម្មការរៀប ចំការបោះឆ្នោតខេត្តមណ្ឌលគិរីបានឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៧ និងការបោះឆ្នោតឆ្នាំ២០១៨ ជ្រើសតាំងតំណាំងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ មានគណបក្សនយោបាយចូលរួម ប្រកួតប្រជែងចំនួន ២០គណបក្សនៅទូទាំងប្រទេស ដោយឡែក នៅខេត្តមណ្ឌលគិរី គឺមានចំនួន១០គណបក្ស។

លោកបន្ថែមថា នៅខេត្តមណ្ឌលគិរី មានប្រជាពលរដ្ឋចំនួន៣៣.៥៧៦នាក់ ស្មើនឹង៨២.៦៩ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន៤០.៦០៤នាក់ បានចេញទៅបោះឆ្នោតសម្តែងឆន្ទៈក្នុងការជ្រើសរើស តំណាងរបស់ខ្លួនយ៉ាងកុះករដោយគ្មានការភ័យខ្លាច។

លោកបន្ថែមទៀតថា គ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តនីតិកាលទី៦ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ខាងផ្នែកនយោបាយ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ និងសុទ្ធតែមានការចូលរួម ត្រួតពិនិត្យ និងសង្កេតការណ៍ជាសាក្សី ពីអ្នកសង្កេតការណ៍បោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយ។

លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តន៍ គោរពច្បាប់ បទបញ្ជានិងនីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងថ្លៃថ្នូរ និងធ្វើឱ្យការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ ទទួលបានលទ្ធផលល្អប្រសើរ។

លោកអភិបាលរងខេត្តបានបន្ថែមថា ការបោះឆ្នោតនេះ ត្រូវបានមតិជាតិ អន្តរជាតិ ធ្វើការវាយតម្លៃថា មានលក្ខណៈល្អប្រសើរ ជាងការបោះឆ្នោតមុនៗនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោក បានណែនាំដល់អាជ្ញាធរក្រុង/ស្រុក រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនកិច្ចសហការឱ្យកាន់តែល្អ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តគ្រប់ លំដាប់ថ្នាក់ក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ដោយ ចាន់បុត្រ