ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាម៉េរិក និងហ្វីលីពីន មកពិនិត្យ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋខេត្តព្រះសីហនុដោយឥតគិតថ្លៃ

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — នៅថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យមកពីប្រទេស ហ្វីលីពីន មកពិនិត្យ ព្យាបាល ជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលមានរយៈពេល ៥ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គឺចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ គឺផ្តោតសំខាន់ទៅលើការវះកាត់។

លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានកិត្តិយសដែលបានក្រុមវេជ្ជបណ្ឌិតប្រធាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សហរដ្ឋអាមេរិក និងហ្វីលីពីន មកជួយពិនិត្យ ព្យាបាលជំងឺ និងធ្វើការវះកាត់ជូនប្រជាពលរដ្ឋនៅខេត្តព្រសីហនុ ដោយឥតគិតថ្លៃចំនួន០៥ថ្ងៃ។

លោកប្រធានមន្ទីរពេទ្យបានបន្ដថា នេះជាសកម្មភាពមនុស្សធម៌ ពិតជាមានសារៈ សំខាន់ខ្លាំងណាស់សម្រាប់ការព្យាបាលជូនដល់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដែលកំពុង មានជំងឺ និងត្រូវការវះកាត់ជាបន្ទាន់ នេះជាសកម្មភាពមួយដែលបានចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រ និងសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងចូលរួមបង្កើននូវសមត្ថភាព ដល់មន្ត្រីសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។

លោក សេង ណុង បន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិក និងហ្វីលីពីន ចង់ឃើញប្រជាពលរដ្ឋកម្ពុជា ទទួលបានសេវាសុខភាពកាន់តែល្អប្រសើរ ជាពិសេស បញ្ហាសុខភាពដែលតម្រូវឱ្យមានការវះកាត់ ប្រសិនប្រជាពលរដ្ឋមិនមក យកសេវាព្យាបាល វះកាត់បានត្រឹមត្រូវទាន់ពេលវេលានោះទេ នឹងបង្កឱ្យកើតមានជំងឺកាន់តែធ្ងន់ធ្ងរ និងអាចឈានដល់ការបាត់បង់ជីវិតថែមទៀតផង។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យបច្ចេកទេសមកពីសហរដ្ឋអាមេរិក និងហ្វីលីពីន ធ្វើការពិនិត្យ ព្យាបាល និងវះកាត់ជំងឺជូនប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុង ខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះរួមមាន៖ ជំងឺ ពកក , ឆែបមាត់, ឆ្អឹង, គ្រួសថង់ទឹកប្រម៉ាត់ , ដុំគ្រួសតម្រង់នោម, ដុំសាច់, បំពង់ក, រោគស្ត្រី និងវះកាត់ជំងឺផ្សេងៗមួយចំនួនផ្សេងទៀត៕

ដោយ ងូ សុមុនី