ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សិក្ខាកាមកម្ពុជាចំនួន៤០រូប នឹងទៅហ្វឹកហ្វឺនជំនាញបោសសម្អាតមីននៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — សិក្ខាកាមកម្ពុជាចំនួន៤០រូប នឹងចេញដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិត ចិននាដើមខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ក្រោមជំនួយឧបត្ថម្ភរបស់កងទ័ពរំដោះប្រជាជនចិន។

ក្នុងពិធីសំណេះសំណាលដែលធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព និងដោយមានការអញ្ជើញចូលរួមផងដែរ លោកព្រំ សុភមង្គល អគ្គលេខាធិការអជ្ញាធរមីន។

កញ្ញា កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបោសសម្អាតមីនក្រោមជំនួយឧបត្ថម្ភរបស់ភាគីកងទ័ពរំដោះប្រជាជនចិននេះ មានសិក្ខាកាមចូលរួមសរុបចំនួន៤០រូប ក្នុងនោះ២០រូបមកពីស្ថាប័នអាជ្ញាធរមីនដែលមាន សមាសភាពនារីចំនួន៦រូប និង២០រូបទៀតមកពីកងយោធពលខេមរភូមិន្ទដែលមាន សមាសភាព យុទ្ធនារីចំនួន៣រូបមកពីអង្គភាពកងទ័ពជើងគោក។

កញ្ញា អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងទៀតថា តាមការគ្រោងទុកវគ្គខាងលើនេះនឹងដំណើរការចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន។ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ សិក្ខាកាមកម្ពុជាទាំងកងទ័ពនិងស៊ីវិលទាំង៤០រូបនឹងចេញដំណើរនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ទៅកាន់សកលវិទ្យាល័យបច្ចេកទេសកងទ័ពរំដោះប្រជាជនចិន នាទីក្រុងណានជីង ជាគោលដៅស្នាក់អាស្រ័យសម្រាប់វគ្គហ្វឹកហ្វឺនរយៈពេលជាងមួយខែ នៅលើទឹកដីសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងក្នុងមតិសំណេះសំណាលជាមួយសិក្ខាកាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជាតិសួរសុខទុក្ខ និងឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ដល់សិក្ខាកាមវគ្គជំនាញបោស សម្អាតមីន។ ជាមួយនឹងការផ្តល់ជូននូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អាជ្ញាធរមីន ជូនដល់សិក្ខាកាមទាំង៤០រូប ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០០ដុល្លារ អាម៉េរិក។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានក្រើនរម្លឹកដល់សិក្ខាកាមទាំង អស់ក្នុងឱកាស ស្នាក់អាស្រ័យហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ត្រូវយកចិត្តទុកដាក់ខិតខំក្រេបជញ្ជក់នូវរាល់មុខវិជ្ជាជំនាញក្នុងការបោសសម្អាតមីន ដើម្បីបង្កើនជំនាញសមត្ថភាពសម្រាប់បំពេញភារកិច្ចល្អប្រសើរជូនជាតិ មាតុភូមិនៃយើងក៏ដូចជាជួយ ដល់មនុស្សជាតិលើសកលឱ្យរួចចាកផុតពីមហន្តរាយ បង្កឡើងដោយគ្រាប់មីនគ្រប់ប្រភេទ។

នាយឧត្តមសេនីយ៍អគ្គនាយកក៏បានផ្តាំផ្ញើផងដែរដល់សិក្ខាកាមក្នុងពេលទៅបំពេញកម្មសិក្សានៅសាធារណរដ្ឋមន្រជាមានិតចិន ត្រូវប្រតិបត្តិជាប់ជានិច្ចនូវសាមគ្គីភាពផ្ទៃក្នុង និងជាមួយភាគីមិត្ត ព្រមទាំងគោរពឱ្យបានជាប់ជានិច្ចនូវវិន័យ និងសីលធម៌ ដ៏ថ្លៃថ្លារបស់កម្ពុជា៕

ដោយ គង់ សិរីរ័ត្ន