ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពានរង្វាន់បាល់ទាត់សម្តេច ហេង សំរិន ចាប់ផ្តើមដំណើរការរដូវកាលថ្មី ជាមួយនឹងប្រាក់ រង្វាន់កើនឡើងខ្ពស់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន រដូវកាលទី២ ឆ្នាំ២០១៨បានចាប់ផ្តើមដំណើរការពិធីបើក និងការប្រកួតជាផ្លូវការហើយ កាលពី ល្ងាចថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ដោយមានក្រុមចូលរួម ចំនួន២១ ចែកចេញជា៤ពូល។

ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាង សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាពជាតិបានឱ្យដឹងថា ការប្រកួតនា រដូវទី២នេះត្រូវបានរៀបចំកាន់តែល្អប្រសើរជាងមុន ដោយមានក្រុមចូលរួមច្រើនជាងមុនជា មួយនឹងការបង្កើនប្រាក់រង្វាន់ សម្រាប់ជ័យលាភី កាន់តែច្រើនផងដែរ។ ឯកឧត្តមជឿជាក់ យ៉ាងមុតមាំថា តាមរយៈព្រឹត្តិការណ៍ ពានរង្វាន់សម្តេចចក្រី ហេង សំរិន ឆ្នាំនេះនឹងជួយ ជំរុញលើកទឹកចិត្ត និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជាកាន់តែ រីកចម្រើន បន្ថែមទៀតហើយ ថែមទាំងទទួលបានសុខភាព មិត្តភាព សាមគ្គីភាពជាមួយគ្នាផងដែរ។ ជាមួយគ្នា នេះក្នុងនាមសម្តេចប្រធានរដ្ឋសភា ឯកឧត្តមបាននាំយកថវិកាឧបត្ថម្ភ ចំនួន២០ លានរៀល បន្ថែមសម្រាប់ចាត់ ចែកដល់ការប្រកួតនេះ។

ប្រធានគណៈកម្មការរៀបចំការប្រកួត ឯកឧត្តម ធុល នាង បញ្ជាក់ថា រដូវកាលទី២នេះគឺមាន ២១ក្រុម និងបែងចែកជា៤ពូល ដោយប្រើពេលប្រមាណ២ខែ ដើម្បីស្វែងរកក្រុមជើងឯក ប្រចាំរដូវកាលថ្មីនេះ ដោយ ថវិកាត្រៀមទុកសម្រាប់ក្រុមជើងឯក ៣២លានរៀល, ជើងឯករង ២០លានរៀល និងក្រុមលេខ៣ ១៤លាន រៀល ព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្តលើជ័យ លាភីមួយចំនួនទៀត។

ចំពោះគោលបំណងចម្បងនៃព្រឹត្តិការណ៍នេះត្រូវបាន ឯកឧត្តមបានអះ​អាងថា គឺធ្វើ ឡើងដើម្បីបង្កើនសាមគ្គីភាព និងបំផុសស្មារតីចូលរួមលេងកីឡា ដើម្បីបញ្ជៀសឱ្យយុវជន ចៀសឆ្ងាយពីគ្រឿងញៀន។

គួរបញ្ជាក់ថា លទ្ធផល២ប្រកួតបើកឆាកនោះ គឺក្រុម TN Kandal FC ចែកគ្នាម្នាក់១ពិន្ទុ ជាមួយក្រុម សម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និងបញ្ញវន្ដកម្ពុជា ដោយលទ្ធផល ១ទល់១ ខណៈក្រុមពិស្ណុការ រកបាន៣ពិន្ទុដំបូង បន្ទាប់ពីបានយកឈ្នះក្រុមយុវជនព្រះខ័នរាជ ស្វាយរៀង នៅក្នុងលទ្ធផល ៣ទល់២៕

ដោយ ហេង ណាលីន