ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យប្រតិភូកីឡាអាស៊ីកម្ពុជាចូលជួប និងផ្តល់ប្រាក់ រង្វាន់លើកទឹកចិត្ត នាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — យោងតាមការបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន នាយបេសក កម្មកីឡាអាស៊ីរបស់កម្ពុជាបានឱ្យ ដឹងពីប្រទេសឥណ្ឌូណេស៊ីមកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជានឹងផ្តល់ការអនុញ្ញាតដល់ប្រតិភូកីឡាអាស៊ីកម្ពុជាចូលជួបសម្តែងការគួរសម និងប្រគល់ជូនប្រាក់រង្វាន់លើកទឹកចិត្តជូនដល់ម្ចាស់មេដាយមាស កីឡាអាស៊ី នៅក្នុងដំណើរ វិលត្រឡប់មកកាត់មាតុប្រទេសវិញ នាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ ដោយសម្តេចតេជោ នឹងទទួលជួបនៅវិមានសន្តិភាព។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា មុនពេលមកដល់វិមានសន្តិភាព គឺក្រុមប្រតិភូកីឡាអាស៊ី ដែលឈ្នះមេដាយមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង លើ២ប្រភេទកីឡានេះនឹងទទួលបានការ អនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជារៀបចំពិធីដង្ហែក្បួនអមដោយម៉ូតូសកិត្តិយសចំនួន៦គ្រឿង ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលា ម៉ោង ៥ និង៣៥នាទីល្ងាច នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ឆ្ពោះមកវិមានសន្តិភាព។

នៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ីនេះមាន៤៥ប្រទេ សចូលរួម ហើយកម្ពុជាបានឈ្នះមេដាយមាស២វិញ្ញាសា ដែលមេដាយមាសទី១ ដណ្តើមបាន ដោយកីឡាការិនីខ្មែរ-អាម៉េរិក ខាន់ ចេសា លើប្រភេទទម្ងន់៤៩គីឡូក្រាមនៃប្រភេទកីឡា ជឺជីតស៊ូ និងមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿងទៀត ដណ្តើមបានដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាសលើវិញ្ញាសា Ski Modified និងឈ្នះមេដាយសំរឹទ្ធិ លើវិញ្ញាសា Runabout 1100 Stock នៃប្រភេទកីឡាម៉ូតូទឹក។ ចំពោះពិធីបំពាក់មេដាយជាផ្លូវ ការលើប្រភេទកីឡាម៉ូតូទឹកត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ជាមួយនឹង ការគោរពភ្លេងជាតិ ការបង្ហូតទង់ជាតិកម្ពុជា ដោយបានបង្ហាញពីកិត្តិយសដ៏ធំធេង និងជា មោទនភាពជាតិលើ ឆាកអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងកម្រិត Asian Games តាមអនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា រួមមាន មេដាយមាស៨០លានរៀល, មេដាយប្រាក់៤០លានរៀល និងមេដាយសំរឹទ្ធិ ២៤លានរៀល។ រីឯគ្រូបង្វឹកទទួលបាន១០០ភាគរយ ស្មើនឹងមេដាយខ្ពស់ បំផុតនៃកីឡាករ ឬកីឡាការិនីរបស់ខ្លួន និងគ្រូជំនួយទទួល បាន៧០ភាគរយ។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ជាគោលការណ៍ឧបត្ថម្ភលើកចិត្តបន្ថែម ដោយ មេដាយមាសទទួលបាន១០.០០០ដុល្លារ, មេដាយប្រាក់ ៥.០០០ដុល្លារ និងមេដាយ សំរឹទ្ធិ៣.០០០ដុល្លារ៕



ដោយ ហេង ណាលីន