ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិដល់កងកម្លាំងប្រដាប់អាវុធ

AKP សៀមរាប ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវបានក្រុមមន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានយកទៅធ្វើការផ្សព្វផ្សាយ ជូនដល់នាយទាហាន និងពលទាហានក្នុងទីបញ្ជាការវរសេនាតូចលេខ១ ចំណុះតំបន់ ប្រតិបត្តិការសឹករងខេត្តសៀមរាប ដែលកំពុងប្រចាំការជួរមុខ ក្នុងតំបន់អូរកូនតឹង និងតំបន់ព្រៃស្អាក ក្នុងស្រុកវ៉ា​រិនខេត្តសៀមរាប។


ពិធីផ្សព្វផ្សាយនេះ បាន​ប្រារព្ធឡើងកាលពីថ្ងៃ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី កា ដែត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងសៀមរាបប្រចាំការជួរមុខ។

លោក ស៊ុំ សំអន បានឱ្យដឹងថា វគ្គផ្សព្វផ្សាយនេះអនុវត្តន៍ឡើងក្នុងគោលបំណងផ្ដល់ នូវការយល់ដឹងអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម សំខាន់គឺច្បាប់ មនុស្ស ធម៌អន្តរជាតិឱ្យបានកាន់តែទូលំទូលាយ និងចូលជ្រៅដល់នាយទាហាន ពលទាហាន ក្នុងពេលចុះបំពេញភារកិច្ច ជួយសម្រួលដល់សកម្មភាព មនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌ អន្តរជាតិ ដែលបានផ្សព្វ ផ្សាយជូននាពេលនេះ។

លោក ស៊ុំ សំអន ក៏បានលើកឡើងផងដែរ អំពីជីវប្រវត្តិដែលបង្កើតឱ្យមានកាក បាទក្រហមក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ និងងាយរងគ្រោះដោយភ្លើងសង្រ្គាម គ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ ដែលបានកើតមានឡើងនៅលើពិភពលោកយើងនេះ។ ម៉្យាងទៀតវគ្គផ្សព្វផ្សាយនេះ គឺបានជួយបណ្តុះនូវស្មារតីចំណេះដឹងរបស់បងប្អូនជានាយទា ហាន ពលទាហាន បានកាន់តែយល់ច្បាស់អំពីច្បាប់មនុស្សធម៌អន្តរជាតិទាំងនៅលើសមរ ភូមិ និងសង្គមផងដែរ។

លោក ស៊ុំ សំអន បានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជាបានយក ចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជំងឺអេដស៍ និងគ្រោះធម្មជាតិទឹកជំនន់។ ដើម្បីកាត់បន្ថយបញ្ហាទាំងនេះ យើងជានាយទាហាន ពលទាហាន ត្រូវមានការចូលរួម ក្នុងការផ្សព្វផ្សាយបន្ត ឱ្យចូលជ្រៅទៅដល់ស្រទាប់ប្រជាជន មហាជន អំពីបញ្ហាការប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ និងជំងឺអេដស៍ ដែលបង្កឱ្យយើងបាត់បង់នូវធនធានមនុស្ស និងរាំងស្ទះដល់កិច្ចអភិវឌ្ឍន៍សង្គម ព្រមទាំងបាប់បង់នូវសេដ្ឋកិច្ចជាតិ និងក្រុមគ្រួសារផងដែរ ដោយក្នុងនោះដែរ លោក ស៊ុំ សំអន ក៏បានធ្វើការក្រើនរម្លឹក និងផ្តាំផ្ញើដល់នាយទាហាន ពលទាហានទាំងអស់ ក្រោយពីបញ្ចប់វគ្គផ្សព្វផ្សាយនេះទៅ អស់លោកនឹងទទួលបាននូវ ចំណេះដឹងថ្មីៗ ដើមី្បយកទៅធ្វើការផ្សព្វផ្សាយបន្តនៅក្នុងអង្គភាព និងមូលដា្ឋនរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពជាក់ជាមិនខាន។

មានប្រសាសន៍នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី កា ដែត បានលើក ឡើងអំពីស្ថានភាព និងសភាពការណ៍នៅតំបន់ជួរមុខ ព្រមទាំងបានធ្វើការសាទរចំពោះវគ្គ ផ្សព្វផ្សាយជូនដល់នាយទាហាន ពលទាហានក្នុងវរសេនាតូចលេខ១នេះ បានធ្វើឱ្យនាយទា ហាន ពលទាហានកាន់តែបានយល់ច្បាស់ពីច្បាប់មនុស្សធម៌អន្តរជាតិ ហើយក៏បានបង្កើន នូវស្មារតីចូលរួមក្នុងចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមសំខាន់ក្នុងការចូលរួម សង្រ្គោះប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗ និងគ្រោះធម្មជាតិជា ដើម៕

ដោយ​ ហង្ស សៀក