ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងវប្បធម៌ជំរុញការគ្រប់គ្រងស្ថានីយបុរាណកុំអោយមានការទន្ទ្រានយកជាកម្មសិទ្ធិឯកជនបន្តទៀត

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាង ភក្តី
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញការគ្រប់គ្រងស្ថានីយបុរាណមិនឱ្យមានការ​ទន្ទ្រានយក​ជាកម្ម​សិទ្ធិ​ឯកជន ខណៈបច្ចុប្បន្នមានស្ថានីយបុរាណខ្លះខូចទ្រង់ទ្រាយដើម និងខ្លះទៀតត្រូវបានបំផ្លាញទាំងស្រុង។

ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រសួង បានដាក់ទិសដៅ​ការងារ​គ្រប់​គ្រងស្ថានីយបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគត់មត់ ដោយប្រើនីតិវិធីធ្វើបច្ចុប្បន្នភាពស្ថានីយ ក្នុងនោះ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់ និងធ្វើផែនទី ក៏ដូចជាប្លង់ កំណត់ទំហំការពារស្ថានីយដើម្បីដាក់បញ្ចូល​ក្នុងកិច្ចគាំពារ​​ឱ្យដល់អាជ្ញាធរ​​ដែនដីជួយថែរក្សា និងគ្រប់គ្រងស្ថានីយទាំងនោះ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសកំណត់និយាមការ និងកំណត់ទំហំការពារស្ថានីយបុរាណ​​នៅតាម​​បណ្តារាជធានី-ខេត្ត ដែលធ្វើនាទីស្តីការក្រសួងថ្ងៃទី២៧ ខែសីហានេះ ឯកឧត្តម បានឱ្យដឹងថា កត្តាយល់​ដឹងពីតម្លៃសម្បត្តិ​បេតិកភណ្ឌវប្បធម៌របស់ប្រជាពលរដ្ឋនៅមានកម្រិត និងកំណើនដីធ្លីកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ បានបណ្តាលឱ្យស្ថានីយបុរាណមួយចំនួន ត្រូវបានធ្វើការទន្ទ្រាន ឈូសឆាយយក​​ដីធ្វើជាកម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ឯកឧត្តមបញ្ជាក់ថា ក្រសួងបានពង្រឹងការងារដល់មន្ត្រីជំនាញចុះកំណត់ទំហំដែនការពារស្ថានីយបុរាណដែល​​កំពុងប្រឈមខ្លាំងបាត់បង់។
ក្រុមមន្ត្រីអភិរក្ស និងនគរបាលបេតិកភណ្ឌវប្បធម៌ បានលើកឡើងស្រដៀងគ្នាថា នៅស្ថានីយ បុរាណនៅតែជាគោល​​ដៅនៃការ​បំផ្លិចបំផ្លាញ ដោយការឈូសឆាយ រំលោភ ការទន្ទ្រានកាន់កាប់ យកជាកម្មសិទ្ធិ ដោយពុំបានគិតដល់​ការ​អភិរក្ស​សម្បត្តដែលមានតម្លៃ ខណៈមន្ត្រី និងសមត្ថកិច្ចពាក់ ព័ន្ធខ្វះកិច្ចសហការ និងចំណេះដឹងអំពីស្ថានីយបុរាណ។
យោងតាមស្ថិតិរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយ​​បុរាណ​​រហូត​​ដល់ជាង៦ពាន់កន្លែង ដោយស្ថានីយបុរាណមួយចំនួនធំ ត្រូវបានការចាប់ អារម្មណ៍ពីសំណាក់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ ហើយក៏ជាការទាក់ទាញភ្ញៀវទេសចរ ដែលជាប្រយោជន៍​​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕