ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងការងារបង្ហាញពីការប្តេជ្ញាចិត្តបន្តនិរន្តរភាពនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ជួន បូណា
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តនិរន្តរភាពនៃមូលនិធិក្រុម​ប្រឹក្សាអាជ្ញាកណ្តាលដើម្បីជួយដោះស្រាយវិវាទការងារជួនកម្មករនិយោជិត និងនិយោជក។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងស្វែងរកកញ្ចប់ថវិកាជាតិដើម្បី គាំទ្រដល់ដំណើរការនៃមូលនិ​​ធិក្រុមប្រឹ​ក្សាអាជ្ញាកណ្តាល ខណៈមូលនិធិនេះ កំពុងជួបបញ្ហាប្រឈមខាងផ្នែកថវិកា ។
ក្នុងពិធីបើកកិច្ចប្រជុំសម្រេចលើអនាគត និងដើម្បីបញ្ចៀសវិបត្តិហិរញ្ញវត្ថុ នៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅសណ្ឋាគារ​​សាន់​​វ៉េ នាព្រឹកថ្ងៃទី២៧ ខែសីហា នេះ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន​​បង្ហាញ​ក្តី​​បារម្ភចំពោះបញ្ហាហិរញ្ញវត្ថុដើម្បី ទ្រទ្រង់ដល់ដំណើរការក្រុមប្រឹក្សាអាជ្ញាកណ្តាលដែល​​ជាស្ថាប័នមួយបាន​ដោះ​ស្រាយ​វិវាទដល់កម្មករនិយោជិត និងនិយោជកអស់រយៈពេល១៥ឆ្នាំកន្លងមក ប្រកដោយប្រសិទ្ធិភាព។
ឯកឧត្ដមបន្ដថា កន្លងមកនេះ ហិរញ្ញវត្ថុដែលប្រើប្រាស់ដល់ដំណើរការរបស់ក្រុមប្រឹក្សា អាជ្ញាកណ្តាលនេះ គឺ ទទួលបាន​ពីម្ចាស់​ជំនួយ អន្តរជាតិនានា និងថវិការរាជរដ្ឋាភិបាលផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរួមចំ​​ណែកយ៉ាងសកម្មក្នុងការធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពបន្ថែម​​ពីលើការដោះ​​ស្រាយ​វិវាទការងាររួម និងមានបើកវគ្គបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធក្នុងការបង្ការ និងដោះស្រាយវិវាទការងារនៅ​​កន្លែងធ្វើការផងដែរ។

លោក ម៉ែន និម្មិត នាយកប្រតិបត្ដិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ មូល​និធិក្រុម​ប្រឹក្សាអាជ្ញាកណ្តាល បានដំណើការល្អជាធម្មតា ។ ប៉ុន្ដែនាពេលខាងមុខ នឹងជួបបញ្ហាប្រឈម​​លើផ្នែកថវិកា។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះចំពោះវិវាទការងារមានការធ្លាក់ចុះ ដែលធ្វើអោយអ្នកផ្ដល់ជំនួយគាំ​ទ្រហិរញ្ញវត្ថុ​ត្រូវបាន​កាត់​បន្ថយផងដែរ ។

សូមបញ្ជាក់ថា កិច្ចសហការរវាងក្រសួងការងារ និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសម្រេចនូវសមិទ្ធផលជាច្រើន រួមទាំងការដោះស្រាយវិវាទការងារផងដែរ ។ ត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំ​​រឿងវិវាទ​​ការងារ​​ចំនួន​​ជាង២៦០០បណ្តឹង ពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្មករនិយោជិតជាង ១លាននាក់ ហើយទទួល​​បាន​អត្រា​ជោគ​​​ជ័យចំនួន៧៥ភាគរយ ក្នុងចំណោមសំណុំរឿងវិវាទដែលបានដោះស្រាយទាំងអស់ តាមរយៈការផ្សះផ្សា ដោយចំណាយ​​ពេលជាមធ្យម១៧ថ្ងៃក្នុងមួយសំណុំរឿង៕