ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អង្គការមូលនិធិហ្វ្រេតហូឡូកម្ពុជា ប្ដេជ្ញាបន្ដជួយអភិវឌ្ឍន៍លើវិស័យចក្ខុរោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោក សិត សំអាត ប្រធានមូលនិធិហ្វ្រេតហូឡូកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងឱកាសដែល លោកបានបញ្ចប់ការងារក្នុងរយៈពេល១៦ឆ្នាំរបស់លោក។


ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណ ដល់មូលនិធិហ្វ្រេតហូឡូកម្ពុជាដែលតែងតែផ្តល់ការឧបត្ថម្ភគាំទ្រ ដល់វិស័យសុខាភិបាលកម្ពុជាជាពិសេសកម្មវិធីសុខភាពភ្នែកនៅកម្ពុជាទាំងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកចក្ខុរោគ ការសាងសង់និងជួសជួលអគារចក្ខុរោគនៅតាម មន្ទីរពេទ្យនានាទូទាំងប្រទេស ព្រមទាំងការផ្គត់ផ្គង់សម្ភារបរិក្ខារផ្នែកចក្ខុរោគផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការឧបត្ថម្ភគាំទ្ររបស់មូលនិធិហ្វ្រេតហូឡូ កម្ពុជាបាន ចូលរួមចំណែកលុបបំបាត់ជំងឺត្រាក់កូមនៅកម្ពុជា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យមូលនិធិហ្វ្រេតហូឡូកម្ពុជាបន្តការគាំទ្រដល់ កម្មវិធីសុខ ភាពភ្នែកបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅគំហើញឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងការ សោកស្តាយដែលលោកប្រធានមូលនិធិដែលបានបញ្ចប់បេសកកម្ម និងបានជូនពរឱ្យលោកប្រធានបានទទួលជោគជ័យក្នុងការងារថ្មីជាបន្តទៀត។

លោកប្រធានមូលនិធិហ្វ្រេតហូឡូកម្ពុជា បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីថាមូល និធិហ្វ្រេតហូឡូកម្ពុជាបានចាប់ផ្តើមកម្មវិធីរបស់ ខ្លួនតាំងពីឆ្នាំ១៩៩៨ ហើយចាប់ផ្តើមសហការជាមួយក្រសួងសុខាភិបាលពីឆ្នាំ២០០១ដោយបាន សហការជាមួយកម្មវិធីជាតិសុខភាព និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាលក្នុងការ បណ្តុះបណ្តាលចក្ខុបណ្ឌិតបានចំនួន៣៩នាក់ ចក្ខុគិលានុប្បដ្ឋាកចំនួន១២២នាក់។ លើសពីនេះមូលនិធិបានសហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បណ្តុះបណ្តាលចក្ខុមាត្រការី បានចំនួន១១៨នាក់។

លោកប្រធានមូលនិធិបាន បញ្ជាក់បន្ថែមថា ក្រៅពីការអភិវឌ្ឍធនធាន មនុស្សអង្គការនៅបាន ជួយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដូចជាការសាងសង់ និងជួសជុលអគារចក្ខុរោគ ព្រមទាំងការបំពាក់សម្ភារបរិក្ខារចក្ខុរោគ នៅតាមមន្ទីរពេទ្យខេត្តមួយចំនួន ដូចជាខេត្តកំពង់ ឆ្នាំង ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តបន្ទាយ មានជ័យ ខេត្តកំពត ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។

លោកប្រធានមូលនិធិក៏បានសម្តែង អំណរគុណដល់ក្រសួងសុខាភិបាល ជាពិសេសជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែ គាំទ្រនិងសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការហ្រ្តេតហូឡូកម្ពុជានិងបានគោរពស្នើសុំក្រសួងសុខាភិបាលបន្តសហការនិងគាំទ្រសកម្មភាពរបស់អង្គការជាបន្តទៀត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិ ហ្វ្រេតហូឡូកម្ពុជា និងរដ្ឋា ភិបាលអូស្រ្តាលីដែលកំពុងនិងបន្តជួយផ្នែកចក្ខុរោគនៅកម្ពុជា ដើម្បីសម្រេចឱ្យបានគំហើញ២០២០។ ព័ត៌មានទទួលបានពីនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិក្រសួងសុខាភិបាល៕

ដោយ ទូច វលក្ខណ៍