ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រីណែនាំឱ្យគណៈមេធាវីធ្វើការកែទម្រង់ ឱ្យស្របទៅតាមច្បាប់កម្ពុជា និងនិយាមអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំ​ដល់​គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាថា រាល់ការកែទម្រង់ទាំងឡាយដែលគណៈ​មេ​ធា​វី​​​នឹ​ង​​អនុវត្តន៍ ត្រូវធ្វើឱ្យស្របតាមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងតាមនិយាម​អន្តរ​ជា​តិ​។


ឯកឧត្ដម ​អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ​ប្រាប់​អ្នក​យកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹក​នាំ​​ដោយ លោក សួន វិសាល ចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០​១​៨​ នៅវិមានសន្តិភា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព។

លោ​ក​ សួន វិសាល បានគោរពរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីប្រវត្តិ របស់​គណៈ​មេ​ធាវី​​នៃព្រះរាជាណាចក្រកម្ពុជានូវសកម្មភាពកាលពីពេលកន្លងមក ដែល គណៈមេធាវី បាន​ធ្វើ​ការ​កែទម្រង់យ៉ាងច្រើន ជាពិសេស លើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូច​ជាវិស័យអប់រំ​ផង​ដែរ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថាគណៈមេធាវី បានធ្វើ ការកែទម្រង់​នៃការ​ងារ​ ដើម្បីធ្វើយ៉ាងណា ឱ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិនាពេល​បច្ចុប្ប​ន្ន​​​ផង។ លើ​ស​ពីនោះទៅទៀត លោកក៏បានគោរពរាយការណ៍ ជូនសម្តេចតេជោ អំពីកិច្ចស​ហ​ការ​ជាមួយ និង​ក្រសួងមហាផ្ទៃ ព្រមទាំងគណៈមេធាវីអន្តរជាតិ ក្នុងន័យនេះដែរ លោកក៏បាន​​ជម្រាបជូនសម្ដេចតេជោ អំពីកិច្ចសហប្រតិបត្តិការលើឆាក អន្តរជាតិ ជាមួយគណៈមេធាវី​អន្តរ​ជា​តិ ដែលបានដឹកនាំកិច្ចប្រជុំ ហើយនឹងរៀបចំកិច្ចប្រជុំ សមាគមមេធាវីអាស៊ាន​នៅព្រះរា​ជា​ណា​ចក្រកម្ពុជានាពេលខាងមុខ។
លោក សួន វិសាល ក៏បានជម្រាបជូនសម្ដេចតេជោផងដែរ អំពីកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើយ៉ាងណាជួយទៅដល់ជនក្រីក្រ ហើ​យ​​ធ្វើយ៉ាងណារៀប ចំនូវប្រព័ន្ធទិន្នន័យសម្រាប់ការតាមដានករណីនីមួយៗផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍​ដែល​បាន​លើក​ឡើងដោយលោក សួន វិសាល ហើយក៏បានធ្វើការណែនាំថា គប្បីណា រាល់ការកែ​ទម្រង់​ទាំងឡាយ ដែលគណៈមេធាវីនឹងធ្វើ គឺត្រូវធ្វើឱ្យស្របតាមច្បាប់របស់​ព្រះរាជា​ណា​ចក្រ​កម្ពុ​ជាផង និងតាមនិយាមអន្តរជាតិផង។

សូមពិនិត្យមើលចំណុចមួយចំនួនដែល​មិនសម​ស្រ​ប​ទៅតាមកាលៈទេសៈព្រោះថាគណៈមេធាវីបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ រហូត​មកដល់​ពេល​​នេះ ក៏មានរយៈពេលយូរអង្វែងដែរហើយ ដែលចំណុចមួយចំនួនមិនសមស្របតាម​បរិប​ទ​សង្គមនាពេលបច្ចុប្បន្ននេះទេ។​

យ៉ាងណាមិញ សម្ដេចតេជោ ក៏បានធ្វើការណែនាំដោយ​ស​ហ​​ការ​ជាមួយក្រសួង យុត្តិធម៌ ដើម្បីធ្វើការសម្រួលនូវការកែទម្រង់នេះ។ ជាងនេះទៀត​សម្តេច​តេ​ជោ ​ក៏បានណែនាំ ដល់គណៈមេធាវីផងដែរថា សូមពិនិត្យមើលការបញ្ចេញមេធាវីទៅ​បម្រើ​ការ​ងារ ធ្វើ​យ៉ាង​ណាការបញ្ជូនមេធាវីនេះ គឺរក្សាឱ្យបាននូវសមត្ថភាពមេធាវី ពង្រឹង​ និងលើក​កម្ពស់​សមត្ថភាព មេធាវីផង និងធ្វើយ៉ាងណាពង្រាយមេធាវី ដើម្បីជួយដល់កូនក្តីនៅតាម​ប​ណ្ដា​ខេត្ត និងជនបទ ផង៕

ដោយ ជឹម ណារី