ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្ររុស្ស៊ីត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — អគ្គនាយកក្រុមហ៊ុនលោក អង់ដ្រេ បូជីនស្គី ( Andrey Boginsky ) បាននិយាយថា ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្ររុស្ស៊ី នឹងបើកធ្វើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយមួយជាមួយសមភាគីចិន ។


លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនអាកាសចរណ៍ចិនតាមប្រពៃណី គឺជាដៃគូយ៉ាងសំខាន់របស់យើង ។ នៅក្នុងគំនិតរបស់ខ្ញុំ យើងមានការភ្ជាប់គ្នាតាមរយៈទំនាក់ទំនងភាពជាដៃគូខាងវិជ្ជាជីវៈ និងមិត្តភាពដ៏ខ្លាំង ។

លោក បូជីនស្គី បាននិយាយថា ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្ររុស្ស៊ី និងចិនបានស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចា ដើម្បីបង្កើតឧទ្ធម្ភាគចក្រធុនធ្ងន់ ហើយលោកសង្ឃឹមថា ការងារនេះនឹងត្រូវបញ្ចប់នៅឆ្នាំនេះ ។

លោកបានប្រាប់ស៊ីនហួ ក្នុងអំឡុងការតាំងពិព័រណ៍ការពារ Army -2018 នៅក្បែរក្រុងមូស្កូ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យនេះថា កិច្ចសហប្រតិបត្តិការនេះ គឺទូលំទូលាយណាស់ ។ នៅក្នុងគំនិតរបស់យើងគុណសម្បត្តិសហសេវិកចិនមានខ្ពស់ណាស់ ។

លោកបាននិយាយថា យើងអាចធ្វើការងាររួមគ្នាលើគម្រោងនានានៃគម្រោងឧទ្ធម្ភាគចក្រដទៃទៀតដែលពឹងផ្អែកលើតម្រូវការទីផ្សារចិន ។ យើងក៏អាចធ្វើការពិភាក្សាគ្នាផងដែរ ពីការប្រើប្រាស់នូវសមាសភាគធ្វើនៅចិនខ្លះ ៗ ក្នុងក្រុមហ៊ុនឧទ្ធម្ភាគចក្ររុស្ស៊ី ។

លោកបាននិយាយថា ក្រុមហ៊ុនឧទ្ធម្ភាគចក្ររុស្ស៊ី, ផ្នែកនៃក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់ រុស្ស៊ី Rostec Corporation នឹងចូលរួមនៅឆ្នាំនេះ ក្នុងការតាំងពិព័រណ៍អាកាសចរណ៍នៅ ជួហៃ ( Zhuhai )​របស់ប្រទេសចិនក្នុងដើមខែវិច្ឆិកាខាងមុខនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )