ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក អាបេ ប្រកាសឈរឈ្មោះសម្រាប់ការប្រកួតប្រជែងតំណែងថ្នាក់ដឹកនាំ LDP

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ( Shinzo Abe ) បាននិយាយពីថ្ងៃអាទិត្យថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់ដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរី ( LDP ) ដែលគេនឹងធ្វើនៅខែខាងមុខនេះ ។
លោក អាបេ បានប្រាប់ពួកអ្នកយកព័ត៌មាននៅ តារូមីហ្សូ អាណាខេត្ត កាហ្គោស៊ីម៉ា នៅក្នុងប្រទេសជប៉ុនភាគនិរតីថា ខ្ញុំបានតាំងចិត្តដើម្បីដឹកនាំប្រទេសជប៉ុន ៣ឆ្នាំ ទៀតធ្វើជាប្រធាន LDP នឹងជា នាយករដ្ឋមន្ត្រី ។ ការបោះឆ្នោត ដែលគេនឹងធ្វើនៅថ្ងៃទី២០ ខែកញ្ញាទំនងជាការប្រកួត ប្រជែងគ្នារបស់មនុស្ស២នាក់ គឺលោក អាបេ និងអតីតរដ្ឋមន្ត្រី ការពារប្រទេសលោក ស៊ីជេរូ អ៊ីស៊ីបា ( Shigeru Ishiba ) ។

ការបោះឆ្នោតរបស់គណបក្សដែលកំពុងកាន់អំណាចនេះជាសំខាន់ នឹងធ្វើការ​សម្រេចដែលមិនគ្រាន់តែមេដឹកនាំរបស់ ​LDP ប៉ុណ្ណោះទេ ថែមទាំងអ្នកដែលនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ ផងដែរ ។ ប្រសិនបើលោក អាបេអាយុ៦៣ ឆ្នាំ ដែលបច្ចុប្បន្នគេស្មានថា នឹងឈ្នះការប្រកួតប្រជែងនេះ អាណត្តិទីបីរបស់លោកក្នុងការដឹកនាំប្រទេសនឹងធានាបានថា លោកនឹងក្លាយទៅជានាយករដ្ឋមន្ត្រី ដែលបម្រើការបានយូរបំផុតនៅក្នុងប្រទេសជប៉ុនក្រោយសង្គ្រាម ។

លោក អាបេ គ្មានអ្នកប្រឆាំងជំទាស់ទេ នឹងត្រូវបានជាប់ឆ្នោតឡើងវិញសម្រាប់​អាណត្តិ៣ឆ្នាំ តគ្នាជាលើកទី២ កាលពីក្នុងឆ្នាំ ២០១៥ ។ អតីតរដ្ឋមន្ត្រីការពារប្រទេសលោក ស៊ីជេរូ អ៊ីស៊ីបា អាយុ ៦១ ឆ្នាំ បានប្រកាសជាផ្លូវការនូវបេក្ខភាពរបស់លោកកាលពីថ្ងៃទៅ១០ ខែសីហា ហើយតាំងពីពេលនោះមកបាននិយាយថា ប្រសិនបើលោក អាបេ ត្រូវបានគេទុកឱ្យឈរឈ្មោះដោយគ្មានការជំទាស់ប្រឆាំងម្តងទៀតវានឹងធ្វើឱ្យខូចដល់លទ្ធប្រជាធិបតេយ្យនៅក្រុងតូក្យូ ។

លោក អ៊ីស៊ីបា សមាជិកសភាជាន់ទាបមួយរូបកាលពីអតីតកាល គឺជាអ្នកនិយាយដោយឥតសំចៃ អំពីលោក ​អាបេ នឹងការធ្វើនយោបាយរបស់លោក ហើយនេះនឹងជាលើកទី៣ សម្រាប់អ្នកនយោបាយ ជើងចាស់នេះដែលប៉ុនប៉ង់យកឈ្នះតំណែងកំពូលរបស់គណបក្សដែលកំពុងកាន់អំណាចនេះ ។ ការធ្វើយុទ្ធនាការផ្លូវការសម្រាប់ថ្នាក់ដឹកនាំ LDP គេបម្រុងចាប់ផ្តើមធ្វើនៅថ្ងៃទី៧ ខែកញ្ញា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )