ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អនុប្រធានាធិបតីចិន ជួបប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — អនុប្រធានាធិបតីចិន លោក​ វ៉ាង ស៊ីសាន​ បានជួបប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសឡាវ ​លោក Saleumxay Kommasith នៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ។
លោក វ៉ាង បាននិយាយថា ប្រទេសចិន និងឡាវមានស្ថានភាពជាតិស្រដៀងៗគ្នា ខណៈដែលគណបក្សកុំមុយនីស្តចិន (CPC) និងគណបក្សបដិវត្តន៍ប្រជាជនឡាវ(LPRP) ចែករំលែកនូវការយល់ដឹងគ្នាទៅវិញទៅមកដូចៗគ្នា​លើបញ្ហាជាច្រើន។ ក្នុងនាមជាបងប្អូន ប្រទេសទាំងពីរបានចែលរំលែកគ្នានូវសហគមន៍សង្គមនិយមមួយ​សម្រាប់ពេលអនាគត ​ដែល​ប្រកប​ដោយការចែករំលែកផងដែរ។​

លោក វ៉ាង បាននិយាយថា ក្នុងការប្រឈមទៅនឹងស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ​ដែលមានភាពស្មុគស្មាញនេះ ប្រទេសចិននឹងបន្តជួយគាំទ្រដល់ប្រទេសឡាវឱ្យមាន​ភាព​រឹងមាំ ក្នុងការអនុវត្តទៅតាមផ្លូវអភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងខ្សែជាមួយលក្ខខណ្ឌជាតិផ្ទាល់ខ្លួន​របស់ខ្លួន។

លោកបានបន្ថែមទៀតថា ប្រទេសចិននឹងធ្វើការងារជាមួយភាគីឡាវ ដើម្បីអនុវត្តនូវ​ការយោគយល់គ្នាជាយុទ្ធសាស្រ្ត​សំខាន់​ ដែលបានអនុម័តដោយមេដឹកនាំនៃប្រទេសទាំងពីរ ដោយ​សិក្សាពីគ្នាទៅវិញទៅមកបន្ថែមទៀត​ លើបទពិសោធន៍នៃការគ្រប់គ្រងគណបក្ស និងប្រទេសជាតិ​ ដោយជំរុញនូវការរួមបញ្ចូលគ្នានៃផែនការអភិវឌ្ឍរបស់ប្រទេសទាំងពីរ​ កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ​ ការអនុវត្តនូវឯកសារកិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យនានា ជាពិសេសការអនុវត្តខ្សែក្រវ៉ាត់មួយផ្លូវមួយ ការការពារសន្តិភាពនៅក្នុង​តំបន់រួមគ្នា ព្រមទាំងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ។

លោក Saleumxay Kommasith បាននិយាយថា ប្រទេសទាំងពីរមានសណ្តានចិត្តល្អ ជាដៃគូដ៏ល្អ នឹងជាបងប្អូនដ៏ល្អ។ ប្រទេសឡាវ នឹងធ្វើការងារជាមួយប្រទេសចិន​ដើម្បីរក្សា​បាននូវប្រពៃណីដ៏ល្អតាមរយៈការបង្កើតកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់មេដឹកនាំកំពូលនៃគណៈបក្ស និងប្រទេសទាំងពីរ​។ ការអនុវត្តដោយស្មោះត្រង់នូវការយោគយល់គ្នាជាសំខាន់ របស់ភាគី​ទាំងពីរ​ព្រមទាំងជំរុញការស្ថាបនាយ៉ាងសកម្មនៃគណបក្សកុំមុយនីស្តចិន-ឡាវ ​ដែលប្រកប​ដោយ​ការ​ចែករំលែកបន្ថែមទៀត៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )