ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ ម៉ែន សំអន៖ ភ្នំពេញបច្ចុប្បន្នកំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់សម្រាប់អ្នកវិនិយោគបរទេស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ –លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ក្នុងពិធីជប់លៀងស្វាគមន៍គណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក (TXCS) បានលើកឡើងថា រាជធានីភ្នំពេញកំពុងតែមានការអភិវឌ្ឍ ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ ដែលមានសកម្មភាពអាជីវកម្មយ៉ាងមមាញឹក។

   ពិធីជប់លៀងនេះ បានរៀបចំធ្វើឡើងនៅក្នុងអាគារ City Hall កោះពេជ្រ កាលពីរាត្រីថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ និងមានការចូលរួមពីលោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា, លោក លី សុងជាន ប្រធានគណៈប្រតិភូ សហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងសមាជិក គណៈប្រតិភូ TXCS ជាច្រើនរូប។  

   លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម ប្រមាណ៧ភាគរយ ដែលនាំឱ្យចំណូលរបស់ប្រជាជន មានការកើនឡើង  លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្ដទៀតថា ជាក់ស្ង មានរមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញគ្រប់មុខ ផ្សារទំនើប សំណង់ធំៗ ជាពិសេសអគារខ្ពស់ៗ បុរីគេហដ្ឋានថ្មីៗ ជាច្រើនកំពុងតែត្រូវបានសាងសង់ និងរីកដុះដាលយ៉ាងឆាប់រហ័ស។ ដោយរាជរដ្ឋាភិបាល មានគោលនយោបាយ ចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកវិនិយោគបរទេស និងកត្តាអំណោយផលផ្សេងទៀត រួមទាំងការលូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន  ជាពិសេស ខាងពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ ទីផ្សារ ពលកម្មមានតម្លៃសមរម្យ និងច្បាប់វិនិយោគដែលអនុគ្រោះដល់ធុរកិច្ច ទើបកម្ពុជាកំពុងតែក្លាយជាគោលដៅថ្មីមួយគួរឱ្យចាប់អារម្មណ៍បំផុត ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស។

   លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងទៀតថា  តាមរយៈទស្សនកិច្ចនាពេលនេះ សមាជិកនៃ   គណៈប្រតិភូ នឹងទទួលបានព័ត៌មានល្អៗ ផ្ដល់ឱកាសវិនិយោគថ្មីៗ និងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយពាណិជ្ជករកម្ពុជា ដើម្បីរកដៃគូធុរកិច្ច និងវិនិយោគ ក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម លើវិស័យដែលមានសក្កានុពលជាច្រើននៅកម្ពុជា ជាពិសេស វិស័យអចលនទ្រព្យ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍

ដោយសួស សំរិត