ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងទៅបំពេញទស្សនកិច្ចនៅសិង្ហបុរីនាចុងខែនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក វ៉ាង ភក្តី រូបថត លោក ចន ណារិទ្ធ៖

រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញ​ទស្សនកិច្ចផ្លូវ​ការនៅ​សាធា​រ​ណរដ្ឋសិង្ហបុរី នាចុងខែសីហានេះ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងទាក់​ទងទ្វេ​ភា​គី និងរិះរកវិស័យថ្មីៗទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការសំដៅនាំមកនូវផល​ប្រយោជន៍​ទៅវិញ​ទៅមកសម្រាប់ប្រជាជាតិទាំងពីរ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់​ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ព្រះ​រាជាណាចក្រ​កម្ពុជា នៅថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែសីហាខាងមុខនេះ គឺតបតាមការអញ្ជើញរបស់​ឯកឧត្តម​បណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសប្រទេសសិង្ហបុរី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២៧ ខែសីហានេះ បានឱ្យដឹងថា ក្នុងអំ​ឡុងពេលដំណើរទស្សនកិច្ចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបសម្តែងការ​គួរសម​ជាមួយឯកឧត្តម លី សៀន លុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។
ដោយឡែក ក្នុងជំនួបប្រជុំទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ នឹង​ពិភា​ក្សា​​​អំពីវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និង​អន្តរ​​​ជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
កាលពីខែ​​​តុលាឆ្នាំ២០១៧ប្រទេសកម្ពុជានិងសិង្ហបុរីបានចុះហត្​ថលេខាលើអនុ​ស្សារណៈ​យោគ​​​​យល់គ្នា(MOU) ស្តីពីការពិគ្រោះយោបល់ផ្នែកនយោបាយ ដោយការផ្លាស់ប្តូរយោបល់​គ្នាលើ​បញ្ហា​​​ផ្សេងៗក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីជាប្រយោជន៍រួមនៃប្រទេសទាំងពីរ៕