ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សូហ្វតេសន្នីសកម្ពុជាចេញទៅប្រកួត Asian Games នៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨-កីឡាសូហ្វតេន្នីសកម្ពុជាបានចេញដំណើរ កាលពីព្រឹកថ្ងៃ អាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ ដើម្បីចូលរួមប្រកួតប្រជែងមេដាយយកមកជូនជាតិនៅក្នុងព្រឹត្តិការណ៍កីឡា អាស៊ី Asian Games ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។

ថ្លែងមុនពេលចេញដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ជា ប៊ុនហេង អនុប្រធាន សហព័ន្ធ កីឡាសូហ្វតេន្នីសកម្ពុជាបានមានប្រសាសន៍ថា ជាមួយនឹងការត្រៀម ប្រជែងមេដាយនៅក្នុងអាស៊ី លើកទី ១៨ នៅប្រទេសឥណ្ឌូណេស៊ីនេះគឺថ្នាក់ដឹកនាំសហព័ន្ធបានបង្កើនការហ្វឹកហាត់នៅក្នុងស្រុកផង និងនៅប្រទេសជប៉ុន ផងក្នុងរយៈពេលជិតពីរខែប៉ុណ្ណោះ ដោយសារការហ្វឹកហាត់មានរយៈពេលខ្លី ។ដូច្នេះក្តីសង្ឃឹមក្នុងការដណ្តើម មេដាយពីកម្រិតទ្វីបនេះយើងដាក់ក្តីរំពឹង៥០ភាគរយសិន។ ឯកឧត្តមបញ្ជាក់ថា នេះគឺជាការចូលរួមជាលើកទី១របស់ ខ្លួនក្នុងកីឡាអាស៊ី ប៉ុន្តែទោះយ៉ាងណាយើងបានប្តេជ្ញាចិត្តរួមគ្នាថានឹងត្រូវខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីប្រជែង នូវលទ្ធផលដ៏ល្អយកមកជូនជាតិផងដែរ។

ការប្រជែងមេដាយក្នុងទ្វីបលើកនេះធ្វើឱ្យកម្ពុជាមានការលំបាកខ្លាំង ដោយសារតែបណ្តាប្រទេសខ្លាំងៗចំនួន ៧ប្រទេស ដែលកំពុងឈរចំណាត់ថ្នាក់ពិភពលោក នៅលើកម្ពុជាមក ចូលរួមទាំងអស់ ដោយប្រទេសទាំងនោះដាក់ ទាំងកីឡាករ និងកីឡាការិនីជាក្រុមទៀតផង។ ចំណែកឯកម្ពុជា ការប្រកួតលើវិញ្ញាសាជាក្រុម យើងដាក់តែផ្នែកបុរស ប៉ុណ្ណោះ។ ឯកឧត្តមគិតថា ការចូលរួមរបស់កម្ពុជានាពេល នេះនឹងធ្វើឱ្យបណ្តាប្រទេសខ្លាំងៗទាំង១០ ក្នុងទ្វីបអាស៊ីទទួលស្គាល់ថាកម្ពុជាគឺជាក្រុមខ្លាំងមួយដែរ ក្នុងចំ ណោមក្រុមខ្លាំងៗទាំង១០នៅអាស៊ី។

ពេលនេះកម្ពុជាកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៩ ក្នុងចំណាត់ថ្នាក់ពិភពលោក ដែលមាន៤៥ប្រទេស ហើយ ប្រទេសដែលខ្លាំងៗពីចំណាត់ថ្នាក់លេខ១ដល់លេខ៧ មានដូចជាកូរ៉េ ជប៉ុន ឥណ្ឌូណេស៊ី ម៉ុងហ្គោលី ថៃ ហ្វីលីពីនជាដើមនោះដាក់មកលេងគ្រប់វិញ្ញាសាទាំងអស់។ ប្រសិនបើសូហ្វតេន្នីសកម្ពុជាមានសមត្ថភាពបូកនឹង សំណាងអាចប្រជែងយកមេដាយបានមែន នោះគឺជាប្រវត្តិសាស្ត្ររបស់សូហ្វតេន្នីសកម្ពុជាដ៏ក្មេងខ្ចី ដែលទើប នឹងត្រូវបានបង្កើតបានប្រមាណ៣ឆ្នាំប៉ុណ្ណោះ។

សូមបញ្ជាក់ថា ប្រភេទកីឡាសូហ្វតេន្នីសនឹងត្រូវប្រជុំបច្ចេកទេស នាថ្ងៃទី២៧ ខែសីហា និងនៅថ្ងៃទី២៨ ខែសីហា នឹងត្រូវចាប់ផ្តើមប្រកួតរហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ ខណៈថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១៨ គឺជាថ្ងៃប្រារព្ធពិធីបិទការ ប្រកួតជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០១៨៕

ដោយ ហេង ណាលីន